កូនប្រុសពៅស្តេចប្រដាល់អេភូថង គេចមិនផុតពីការឡើងសង្វៀនគុនខ្មែរឡើយ ខណៈបច្ចុប្បន្នកំពុងសំងំហ្វឹកហាត់
(ភ្នំពេញ)៖ ទស្សនិកជនអ្នកគាំទ្រប្រដាល់គុនខ្មែរ ពិតណាស់ធ្លាប់ឃើញតែវត្តមានកូនប្រុសស្រី ៣នាក់របស់ស្តេច ប្រដាល់អេ ភូថង មានកីឡាការិនី អេ យ៉ានុត អេ វិរៈខាំឈិត ហៅម៉ឺនមេឃា និងកីឡាករ អេ អាំម៉ារិន បង្ហាញវត្តមានប្រកួតជាញឹកញាប់នៅលើសង្វៀនគុនខ្មែរ ។ ប៉ុន្តែពុំធ្លាប់ឃើញវត្តមានកូនប្រុសពៅ ឈ្មោះ អេ ឡិច ដែលជាកូនប្រុសទី៤ បង្ហាញសកម្មភាពហ្វឹកហាត់ និងឡើងប្រកួតតាមសង្វៀនដូចបងៗនោះទេ ។
បើយោងតាមការរៀបរាប់ប្រាប់ពី ស្រ្តីជាម្តាយ អ្នកស្រី ស សុម៉ាលី ប្រពន្ធស្តេច ប្រដាល់ អេ ភូថង បានបញ្ជាក់ថា បច្ចុប្បន្ននេះ កូនប្រុសពៅរបស់គាត់មានអាយុ១៥ឆ្នាំ កំពុងហ្វឹកហាត់ប្រដាល់ជាមួយបងៗនិង ឪពុក ក្នុងក្លិប អិនភីអិន សសុមាលី គុនខ្មែរ ដែលជាក្លិបរបស់លោកស្រីផ្ទាល់ ។

លោក ស្រី បញ្ជាក់ទៀតថា អេ ឡិច កូនប្រុសទី៤នេះ បើនិយាយពីកាយសម្បទា និងទម្ងន់ជើង អាចល្អជាងបងទៅទៀត តែចម្លែកកូនប្រុសម្នាក់នេះ ពេលណាលោកឪពុកប្រាប់ថា កូនប្រុសមានឈ្មោះឡើងប្រកួតស្អែក ដឹងថា គាត់និយាយយកឡោះ ឈឺនេះឈឺនោះ មិនហ្វឹកហាត់សម្រាកនៅផ្ទះតែម្តង ។ តែទោះជា បែបនោះក្តី អ្នកស្រី ស សុម៉ាលី ជាម្តាយ នៅតែគិតថា កូនប្រុសរូបនេះ នឹងក្លាយជាអ្នកស្នងតំណែងពីលោកឪពុកនៅពេលខាងមុខជាក់ជាមិនខាន ។
បើតាមការបញ្ជាក់ពីអ្នកស្រី ស សុម៉ាលី កូនប្រុសទី៤ ដែលមិនធ្លាប់បង្ហាញវត្តមានតាមបណ្តាញសង្គម ស្ទើតែធ្វើឲ្យអ្នកគាំទ្រប្រដាល់គុនខ្មែរ មិនដឹងថា លោកស្រី និង លោក អេ ភូថង មានកូនប្រុសទី៤នោះ មានប្រវត្តឡើងសង្វៀនប្រកួត ២ដង កាលពីនៅវ័យកុមារភាព ឈ្នះ១ និងចាញ់មួយប្រកួត ដែលធ្វើឲ្យគេខ្លាចរអាសង្វៀនមកដល់បច្ចុប្បន្ន ៕


រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ