កូរ៉េខាងជើង ប្ដេជ្ញាឆ្លើយតបយ៉ាងចាស់ដៃ ចំពោះការគំរាមកំហែងរបស់អាមេរិក

សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃទី ១៤វិច្ឆិកាកន្លងទៅ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង។ក្នុងដំណើរនោះដែរ ភាគីទាំងពីរបានធ្វើសេចក្ដីថ្លែងការណ៍រួម មួយដោយសំដៅព្រមានកូរ៉េខាងជើងអំពីមហិច្ឆតា និងការគំរាមកំហែងនុយក្លេអ៊ែររបស់គេ។

ក្រោយដំណើរទស្សនកិច្ចនេះ កូរ៉េខាងជើងបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបមួយ ដោយបានរិះគន់ចំៗទៅលើមន្ត្រីការពារជាតិកំពូលអាមេរិកគឺលោក ឡយ អូស្ទីន(Lloyd Austin) ។ ក្នុងនោះ កូរ៉េខាងជើងបានប្ដេជ្ញានឹងឆ្លើយតបយ៉ាងចាស់ដៃចំពោះការគំរាមកំហែងនានារបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត។

សេចក្តីថ្លែងការណ៍ដដែលមានខ្លឹមសារយ៉ាងដូច្នេះថា កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើងនឹងឆ្លើយតបនូវរាល់ការគំរាមកំហែងដល់សន្តិសុខជាតិ និងផលប្រយោជន៍របស់ខ្លួន ជាមួយនឹងសមត្ថភាពសព្វាវុធដ៏ខ្លាំងក្លា និងតាមរយៈយុទ្ធសាស្ត្រយោធាដ៏រឹងមាំ។

គួរជម្រាបថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Austin ទៅកាន់ប្រទេសកូរ៉េខាងត្បូង ភាគីទាំងពីរបាន កែប្រែកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី សំដៅរារាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ក្នុងពេលនោះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ការកែប្រែឡើងវិញនេះគឺមានភាពចាំបាច់ ដោយសារតែយុទ្ធសាស្ត្រដែលមានស្រាប់ មិនអាចដោះស្រាយឱ្យបានគ្រប់ជ្រុងជ្រោយនូវការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះឡើយ។

គួររំឭកថា ដំណើរទស្សនកិច្ចរបស់លោក Austin បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសកូរ៉េខាងត្បូងដូចគ្នា កាលពីសប្តាហ៍មុន។

ក្រោយដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិកទាំងពីរបានប្ដេជ្ញាធានាការពារសន្តិសុខនៅក្នុងតំបន់ ស្របពេលដែលពិភពលោកកំពុងមានការព្រួយបារម្ភអំពីភាព ល្អូកល្អើននៃទំនាក់ទំនង រុស្ស៊ី-កូរ៉េខាងជើង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Park Jin ក៏បានជួបពិភាក្សាជាមួយសមភាគីជប៉ុនលោក Yoko Kamikawa នៅទីក្រុង San Francisco ហើយក៏បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងផងដែរ៕ ដោយ៖ កែវ បុស្បា

ads banner