យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទទួលបានការគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន ដោយក្នុងរយៈពេលជាង ២ខែមកនេះ មានអ្នកចូល រួមសរុបជាង ២,៨លាននាក់
(ខេត្តក្រចេះ)៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បាននិងកំពុងទទួលការគាំទ្រ និងការចូលរួមអនុវត្តពីសិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅតាមបណ្តា រោងចក្រ សហគ្រាស វត្តអារាម និងសហគម នៃរាជធានី ខេត្ត ជាបន្តបន្ទាប់។ ជាក់ស្ដែង ក្នុងរយៈពេលជាង ២ខែនេះ (គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣) គឺមានអ្នកចូលរួមសរុបចំនួនជាង ២,៨ លាននាក់ បានស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការមួយនេះ។ នេះជាការបញ្ជាក់ពីសំណាក់ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ថ្លែងក្នុងពិធីបើក មហោស្រពសិល្បៈបុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក,យុទ្ធនាការ”កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក”ក្រោមប្រធានបទ”ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នាសាលមហាស្រព ខេត្ត ក្រចេះ លោក ជំទាវ រដ្ឋលេខាធិការបានឱ្យដឹងថា៖ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករយៈពេលជាង២ខែមកនេះ មានការចូលរួមពី លោកគ្រូ អ្នកគ្រូមានចំនួនជាង ១០ម៉ឺននាក់ សិស្សានុសិស្សសរុបចំនួនជាង ២,៥លាននាក់ នៃសាលារៀនចំនួនជាង ៦ពាន់សាលា និងកម្មករ/និយោជក ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅតាមបណ្ត រោងចក្រ សហគ្រាស វត្តអារាម និងសហគមនានា។
លោកជំទាវ ងិន លីណា បានថ្លែងឱ្យដឹងដែរថា៖ ការប្រើប្រាស់សម្ភារប្លាស្ទិកនៅកម្ពុជាមានកើនឡើងក្នុងកម្រិតខ្ពស់ ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម ៤ ថង់ក្នុង១ថ្ងៃ គឺសរុបការប្រើប្រាស់ ថង់ប្លាសិកទូទាំងប្រទេសក្នុង១ថ្ងៃ ប្រមាណជា ៥៥ លានថង់។ ក្រៅពីថង់ប្លាស្ទិក នៅមានសម្ភារប្លាស្ទិក បម្រើសេវាអាហារនិងភេសជ្ជៈ ដូចជា ចាន ប្រអប់ស្នេហ៍ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។
លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា៖ដើម្បីឆ្លើយតបនឹងកំណើនខ្លាំងនៃការប្រើប្រាស់សម្ភារប្លាស្ទិក ពិសេសថង់ប្លាស្ទិក ក៏ដូចជា ដោះស្រាយបញ្ហាបំពុលដោយប្លាស្ទិក នាពេលកន្លងមកនេះ ក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធបានដាក់ចេញវិធានការនានាដូចជា៖ វិធានការរឹតបន្តឹងលើការនាំចូល, ការផលិត និងការប្រើប្រាស់ថង់ប្លាស្ទិក, តាមរយៈការកំណត់ទំហំ និងកម្រាស់ក្នុងលក្ខខណ្ឌអនុញ្ញាត ការបង្កើនអាករ ពិសេសលើការនាំចូលផលិតផលនិងសម្ភារប្លាស្ទិកពី ៧ភាគរយ ទៅ១០ភាគរយ និងការគិតកម្រៃបន្ថែម (៤០០រៀល ក្នុង១ថង់) ចំពោះការផ្តល់ថង់ប្លាស្ទិកមានដៃយួរដល់អតិថិជននៅតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម រួមជាមួយនឹងវិធានការលើកទឹកចិត្ត ការអប់រំ ផ្សព្វផ្សាយនានា ក្នុងគោលបំណងឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ឯកឧត្តម ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះបានលើកឡើងថា ៖ ក្រោមកិច្ចសហការរវាងខេត្តក្រចេះជាមួយក្រសួងបរិស្ថាន ក្នុងការចូលរួមកាត់បន្ថយប្លាស្ទិក ឯកឧត្តមរំពឹងថានឹងជួយបង្កើនការបំផុសដល់សំណាក់សិស្សានុសិស្សនិងប្រជាពលរដ្ឋដើម្បីសំដៅធ្វើយ៉ាងណាកាត់បន្ថយប្លាស្ទិកកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីបរិស្ថានស្អាត គ្មានប្លាស្ទិកហើយជាទីទាក់ទាញផ្នែកទេសចរណ៍នាថ្ងៃខាងមុខ។
គួរបញ្ជាក់ថា៖តាមរយៈ គោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ ក្រសួងបរិស្ថានចំនួន៥ រួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថានការពង្រឹងការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាននិងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកប ដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង ៕
អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ,រូបភាព៖ លោក គ្រី សម្បត្តិ





