SpaceX គ្រោងបាញ់បង្ហោះរ៉ុក្កែត Starship ដ៏ធំមិនធ្លាប់មានជាលើកទីពីរ
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអវកាសឯកជន SpaceX របស់មហាសេដ្ឋី Elon Musk នៅថ្ងៃសៅរ៍នេះ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបាញ់បង្ហោះសាកល្បងរ៉ុក្កែត Starship លើកទីពីរ។

ក្រុមហ៊ុន SpaceX គ្រោងបាញ់បង្ហោះសាកល្បងរ៉ុក្កែត Starship លើកទីពីរ ដែលជារ៉ុក្កែតធំបំផុតមិនធ្លាប់មាន ដោយលោក Elon Musk បានដាក់ក្តីសង្ឃឹមថា ថ្ងៃណាមួយនឹងអាចគ្រប់គ្រងលើភពព្រះអង្គារ។ ការបាញ់បង្ហោះចេញពីស្ថានីយស្តាបេស របស់ក្រុមហ៊ុននៅទីក្រុងបូកាឈីកា រដ្ឋតិចសាស់ គ្រោងធ្វើឡើងនៅម៉ោង ៧៖០០ព្រឹក (ម៉ោងក្នុងតំបន់) ប៉ុន្តែមិនបានបញ្ជាក់លំអិតអំពីថ្ងៃខែឆ្នាំទេ។

យ៉ាងណាមិញ ប្រភពបានបង្ហើបឱ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងត្រូវផ្សាយបន្តផ្ទាល់ទាំងនៅលើវេបសាយររបស់ SpaceX និងនៅលើ X ដែលជាវេទិកាបណ្តាញសង្គមគ្រប់គ្រងដោយលោក Elon Musk ។
សូមបញ្ជាក់ថា ការប្រកាសខាងលើនេះ ធ្វើឡើងបន្ទាប់ពីការប៉ុនប៉ងលើកដំបូង ក្នុងការបាញ់បង្ហោះរ៉ុក្កែតដែលបានកំណត់រចនាសម្ពន្ធពេញលេញកាលពីខែមេសា បានផ្ទុះនៅលើឈូងសមុទ្រម៉ិកស៊ិក។

ទន្ទឹមគ្នា ក្រុមហ៊ុន SpaceX បានលើកឡើងថា ការផ្ទុះក្នុងអំឡុងដំណាក់កាលដំបូងនៃការអភិវឌ្ឍរ៉ុក្កែត គឺជារឿងគួរសាទរ ហើយវាជួយជូនដំណឹង អំពីជម្រើសនៃការរចនាបានលឿនជាងការធ្វើតេស្តលើដី បើទោះបីជាពេលវេលាជិតអស់សម្រាប់រ៉ុក្កែត Starship ដែលបានកែប្រែរួច ដើម្បីត្រៀមខ្លួនចុះចតលើឋានព្រះចន្ទក្នុងឆ្នាំ ២០២៥ ក៏ដោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

