គ្រឿងញៀន នៅតែមានកំណើនទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ និងជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា

(សៀមរាប)៖ ការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននិន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅតែមានកំណើនខ្លាំងទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ ហើយបានបន្តគំរាមកំហែង និងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀន ក្នុងស្រទាប់យុវវ័យបានរីករាលដាលគួរឱ្យព្រួយបារម្ភ បង្កជាផលប៉ះពាល់ដល់សុខភាព សន្តិសុខ និងសណ្តាប់-ធ្នាប់សាធារណៈ នាំឱ្យមានក្តីកង្វល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូល។

លោក ថោង សុគន្ធា អគ្គលេខាធិការដ្ឋានរងនៃ (អ.ជ.ប.គ.ញ) បានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណែនាំពាក់ព័ន្ធនានា នឹងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក បន្តថា ការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់ ជាមួយនិងវត្តមានសារធាតុគីមីផ្សំជាច្រើនត្រូវបានរកឃើញនៅទីតាំងទាំងនោះ ឌេលបានប្រព្រឹត្តិកន្លងមក ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ ក៏ដូចជាបញ្ហាខាងលើ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយអនុលោមតាមស្មារតីនៃកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី នឹងគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទៈមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាឲ្យបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍សង្គម ព្រមទាំងឈានទៅកាត់បន្ថយ នឹងលុបបំបាត់គ្រឿងញៀនពីកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានដាក់ចេញនូវគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចជា ការងារផ្សព្វផ្សាយអប់រំ គ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផល វិបាក និងគ្រោះថ្នាក់នៃគ្រឿងញៀន ឥទ្ធិពលនៃគ្រឿងញៀន និងអប់រំដាស់តឿនក្រើនរំលឹកដល់ មន្ត្រីរបស់ខ្លួនគ្រប់ជាន់ថ្នាក់ឲ្យចៀសឆ្ងាយពីគ្រឿងញៀន បង្កើនការផ្សព្វផ្សាយពីសារអប់រំទាក់ទងនឹងគ្រឿងញៀន តាមរយៈបណ្ដាញសារព័ត៌មាន វិទ្យុទូរទស្សន៍ ទូរស័ព្ទចល័ត ប្រព័ន្ធទំនាក់ទំនងសង្គមនានា បដា ប៉ាណូ កាសែត ខិត្តប័ណ្ណ វិក្កយបត្រ ប្រើប្រាស់ទឹក វិក្កយបត្រប្រើប្រាស់អគ្គិសនី លើផលិតផលផ្សេងៗបញ្ចូលប្រធានបទពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងកម្មវិធីសិក្សា និងវិញ្ញាសារប្រឡងជាដើម។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ចំពោះការទប់ស្កាត់នៃការនាំចូលគ្រឿងញៀននោះ យើងត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតដែលអាចធ្វើទៅបាន ការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ជាពិសេសនៅក្បែរតំបន់ត្រីកោណមាស បន្ថែមឧបករណ៍សម្ភារបច្ចេកទេស ម៉ាស៊ីនស្កែន សុនខហិតក្លិនជាដើម ពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ការនាំគ្រឿងញៀនចូលខុសច្បាប់តាមច្រករបៀងច្រកទ្វេភាគី ច្រកទ្វារតំបន់ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ សហការជាមួយភាគីមិត្ត និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការនាំគ្រឿងញៀនឆ្លងដែន ដើម្បីទប់ស្កាត់បង្ក្រាបឲ្យបានទាន់ពេលវេលា។ យើងត្រូវយកចិត្តទុកដាក់លើការនាំគ្រឿងញៀនតាមផ្លូវទឹក លំហសមុទ្រ និងកំពង់ផែអន្តរជាតិ បង្កើនការត្រួតពិនិត្យលើបញ្ញើប្រៃសណីយ៍ពីបរទេស និងចេញទៅក្រៅប្រទេសពង្រឹងនិងលើកកម្ពស់សមត្ថភាពជាប្រចាំ ជូនដល់មន្ត្រីនៃកងកម្លាំងមានសមត្ថកិច្ចនៅគ្រប់ច្រក។ គ្រប់ក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យឃ្លាំង ឬចង្វាក់ផលិតកម្មផ្សេងៗ ត្រូវធ្វើបច្ចុប្បន្នភាព និងតាមដានឲ្យបានដិតដល់ ដោយស្មារតីទទួលខុសត្រូវរៀងៗខ្លួន៕

ដោយ ស៊ាន សុផាត

ads banner