ខេត្តចំនួន ៦ទៀត និងសមាគមន៍ កាយឫទ្ធិ ស.ស.យ.ក នឹងចុះ MOU ជាមួយក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ខេត្តចំនួន ៦ទៀត ព្រមទាំង សមាគម កាយឫទ្ធិ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងចុះអនុស្សារណៈយោគយល់គ្នា(MOU)ជាមួយក្រសួងបរិស្ថាន និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»នៅតាមសាលារៀន ។

គួរបញ្ជាក់ថា៖កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ខេត្តចំនួន៤នៅខេត្តភាគឦសាន គឺ ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី, និង មណ្ឌលគិរី ទើបនឹងបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានដើម្បីចូលរួមក្នុងយុទ្ធនាការស្តីពីការប្រយុទ្ធការកាត់បន្ថយនៃការប្រើប្រាស់ប្រាស្ទិកផងដែរ។បើសរុបរយៈពេលពេលជាង ២ខែមកនេះគឺ មានខេត្តចំនួន៧ រួមជាមួយស្ថាប័នជាតិ និង អន្តរជាតិធំៗចំនួន៣ បានចុះ MoU ជាមួយក្រសួងបរិស្ថាន និងមានពលរដ្ឋជិត ៣លាន បានចូលរួមផ្ទាល់ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

សូមបញ្ជាក់ថា បើបូករួមជាមួយខេត្តចំនួន៦ទៀតគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នាក្រសួងបរិស្ថានស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅថ្ងៃស្អែកនេះ នឹងមានខេត្តចំនួន១៣ដែលក្នុងនេះរួមមានដូចជា៖ខេត្តកំពង់ឆ្នាំង កណ្តាល ពោធិ៍សាត់ ,ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី,និងខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ, តាកែវ។ដោយឡែកស្ថាប័នចំនួន៥ដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានផងដែរគឺ កាកបាទក្រហមកម្ពុជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ,អង្គការស្បៀងអាហារពិភពលោក (FAO) ,សមាគមន៍ កាយឫទ្ធិ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះតាមការគ្រោងទុក នឹងមានរដ្ឋបាលខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ តាកែវ ព្រមទាំងមាន សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងចុះអនុស្សារណៈយោគយល់ជាមួយក្រសួងបរិស្ថាន និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»នៅតាមសាលារៀន ។

សម្រាប់ពិធីចុះអនុស្សារណៈយោគយល់នេះនឹងធ្វើឡើងនៅទីក្រុងកំពត ខេត្តកំពត ព្រមមួយនឹងការបើកបើកយុទ្ធនាការនៅទីនេះ នៅតាមបណ្តាស្រុកទាំង៨ ព្រមទាំងនៅតាមគ្រឹះស្ថានសិក្សា ចំណេះទូទៅនៅទូទាំងខេត្តកំពត ផងដែរ។

ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះ ការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន។

កន្លងមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍ និងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា យុទ្ធនាការនេះ បានកំពុងដោះស្រាយបញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឱ្យកម្ពុជាស្អាត នាពេលដ៏ខ្លីខាងមុខនេះ។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកចូលរួម ផ្ទាល់សរុបចំនួន ២,៩៤៩,៤៥១ អង្គ/នាក់។ សម្រាប់ទិន្នន័យការចូលរួមដោយប្រយោលមានចំនួនសរុប ៨,៨៤៨,៣៥៣ អង្គ/នាក់ (មាតាបិតាមនុស្សក្នុងគ្រួសារ) ដូចនេះ ចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្មើនឹង ៥២ភាគរយនៃចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ៕

អត្ថបទ ៖ ម៉ាដេប៉ូ,រូបភាព ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner