នគរបាលខណ្ឌជ្រោយចង្វារ បញ្ជូនមន្ដ្រីនគរបាល និងបក្ខពួកទៅឲ្យតុលាការ ពាក់ព័ន្ធករណីបាញ់បោះ និងបង្កហិង្សាលើអ្នកដទៃ

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជូនមន្ដ្រីនគបាល និងបក្ខពួកម្នាក់ទៀត ដែលពាក់ព័ន្ធបទល្មើសបាញ់បោះ និងប្រើហិង្សាលើអ្នកដទៃ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ។
    ក្នុងសំណុំរឿងនេះដែរ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរការតាមនីតិវិធី។
    សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ខៃ សាក់ អាយុ២៧ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ និងទី២៖ ឈ្មោះ គង់ បណ្តាល អាយុ២២ឆ្នាំ។ ចំណែកជនសង្ស័យ ៣នាក់ទៀតរួមមានឈ្មោះ ផេង, ឈ្មោះ ដា អាយុ២៣ឆ្នាំ និងឈ្មោះ មករា កំពុងរត់គេចខ្លួន។
    ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះ ហៀត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករកាប់គោក្នុងកុងស៊ីរបស់លោក ហ៊យ ហៀង ស្នាក់នៅកុងស៊ីកាប់គោ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិតានួងក្រៅ ឃុំតានួង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
     សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយនៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត អាវុធ ម៉ាក K54 មួយដើមផងដែរ។
    គួររំលឹកផងដែរ កាលពីវេលាទាបភ្លឺថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្រុមជនសង្ស័យ២នាក់ខាងលើ និងបក្ខពួកជាច្រើនអ្នកទៀត ប្រដាប់ដោយកាំភ្លើង កាំបិត ពូថៅ ដាវសាំម៉ូរ៉ៃ និងដុំថ្ម បាននាំគ្នាទៅដេញបាញ់ កាប់ចាក់ និងគប់ដុំថ្មទៅលើជនរងគ្រោះដែលកម្មករកាប់គោក្នុងកុងស៊ីកាប់គោ របស់លោក ហ៊យ ហៀង នៅចំណុចភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner