SpaceX អះអាងថា ការជ្រាបចូលនៃសារធាតុដែលអាចបង្កចំហេះទៅក្នុងប្រព័ន្ធម៉ាស៊ីន គឺជាមូលហេតុបង្កឲ្យយាន Crew Dragon ផ្ទុះឆេះពេលធ្វើតេស្ត
សហរដ្ឋអាម៉េរិក៖ ការជ្រាបចូលនៃសារធាតុដែលអាចបង្កចំហេះ ទៅក្នុងប្រព័ន្ធម៉ាស៊ីនរបស់យានអវកាស Crew Dragon កំឡុងការធ្វើតេស្តគ្រឿងម៉ាស៊ីនកាលពីខែមេសាកន្លងទៅ ទំនងជាមូលហេតុនៅពីក្រោយការផ្ទុះឆេះរបស់វា នេះបើតាមក្រុមហ៊ុន SpaceX ។
ក្រោយការស៊ើបអង្កេតអស់ប៉ុន្មានខែកន្លងមក ឥឡូវនេះក្រុមហ៊ុនអវកាសឯកជនអាមេ៉រិក SpaceX បានបង្ហើបឲ្យដឹងថា មូលហេតុអាចមកពីសន្ទះក្បាលវ៉ាល់ដែលទំនងជាបានខូច ហើយធ្វើឲ្យមានការជ្រាបនៃសារធាតុបង្កចំហេះពីខាងក្រៅចូលទៅក្នុងប្រព័ន្ធរបស់យាន Crew Dragon ពេលកំឡុងធ្វើតេស្តនោះ ។
សូមជម្រាបថា បន្ទាប់ពីមានបញ្ហាបែបនេះ វាបានធ្វើឲ្យប៉ះពាល់ដល់គម្រោងធ្វើតេស្តមួយចំនួនទៀត រួមមានការធ្វើតេស្តប្រភេទ in-flight abort ដែលជាការផ្តាច់យានពីគ្រាប់រ៉ុក្កែត នៅពេលបេសកម្មមិនអាចឡើងដល់ទីអវកាសដូចគោលដៅ និងគម្រោងបេសកកម្មសាកល្បង Demo-2 ដែលជាការបញ្ជូនអវកាសយានិកពីរនាក់ឲ្យជិះយាន Crew Dragon ឡើងទៅកាន់ស្ថានីយអវកាស និងចុះមកវិញ ។ គម្រោងធ្វើតេស្តទាំងនេះ បច្ចុប្បន្នមិនទាន់ត្រូវបាន SpaceX បញ្ជាក់ថា នឹងត្រូវ លើកទៅធ្វើឡើងនៅពេលណាវិញឡើយ ៕ធ.ដ





