សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការប្រឡងរើសមន្រ្តីកសិកម្ម ត្រូវតែ ច្បាស់ លាស់ តម្លាភាព ពេលជាប់ហើយ ត្រូវមានឆន្ទៈដោយយកបេះដូង មកបម្រើពលរដ្ឋលើវិស័យកសិកម្មនៅមូលដ្ឋាន

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រឡងរើសមន្រ្តីកសិកម្ម ត្រូវតែច្បាស់លាស់ តម្លាភាព ពេលជាប់ហើយ ត្រូវមានឆន្ទះ ដោយត្រូវយកបេះដូង មកបម្រើពលរដ្ឋលើវិស័យកសិកម្មនៅមូលដ្ឋាន ។ សម្តេចធិបតី ថា អ្នកដាក់ពាក្យស្នើសុំប្រឡងចូលជាមន្រ្តីកសិកម្ម ដែលមានរហូតដល់ ១ម៉ឺននាក់ ខណៈដែលរាជរដ្ឋាភិបាល ជ្រើសរើសតែ ២៥០នាក់ប៉ុណ្ណោះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការប្រឡងត្រូវតែច្បាស់លាស់ តម្លាភាព ពេលជាប់ហើយត្រូវបំពេញការងារនៅមូលដ្ឋាន មិនមែនបានជាប់ហើយប្តូក្របខ័ណ្ឌមិនបម្រើពលរដ្ឋនៅមូលដ្ឋាននោះទេ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជ្រើសរើសត្រូវមានឆន្ទៈបម្រើប្រជាពលរដ្ឋលើវិស័យកសិកម្ម ។

សម្តេចធិបតី បានបញ្ជាក់ថា មន្រ្តីកសិកម្ម គឺជាភ្នាក់ងារដ៏មានប្រសិទ្ធនៅមូលដ្ឋាន ដឹងសុខទុក្ខតម្រូវការរបស់ប្រជាកសិករ ផ្តល់ព័ត៌មានមកក្រសួងកសិកម្មច្បាស់លាស់ ។ សម្តេចផ្តាំដល់អ្នកជាប់ប្រឡងចូលមន្រ្តីកសិកម្ម ត្រូវយកបេះដូងមកធ្វើការងារបម្រើពលរដ្ឋ ។

សូមជម្រាបថា រាជរដ្ឋាភិបាល បានផ្តល់ការឯកភាពដល់ការជ្រើសរើសមន្ត្រីកសិកម្ម ចំនួន ១៦០០នាក់ ក្នុងរយៈពេល ៣ឆ្នាំ ។ ក្នុងនោះ ២៥០នាក់ ក្នុងឆ្នាំ២០២៣, ៨០០នាក់ ក្នុងឆ្នាំ២០២៤ និង ៥៥០នាក់ ក្នុងឆ្នាំ២០២៥ ដើម្បីបែងចែកទៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេស។ មន្ត្រីកសិកម្មឃុំ នឹងត្រូវឆ្លងកាត់វគ្គកម្មសិក្សារយៈពេលមួយឆ្នាំ មុននឹងក្លាយជាមន្ត្រីរាជការពេញសិទ្ធិ ដោយទទួលបានប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗ តាមរបបគ្រូបង្រៀន ប៉ុន្តែមិនអាចផ្ទេរចេញពីតួនាទីជាមន្ត្រីកសិកម្មឃុំបានទេ ។

ការប្រឡងគ្រោងប្រព្រឹត្តទៅនៅសប្ដាហ៍ទី២ នៃខែធ្នូខាងមុខ ដើម្បីជ្រើសរើសមន្ត្រីកសិកម្មចំនួន ២៥០នាក់ សម្រាប់ដាក់ពង្រាយនៅតាមឃុំ-សង្កាត់ ក្នុងខេត្តចំនួន១៧ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង កំពត ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី ដោយផ្តល់អាទិភាពដល់បេក្ខជនមានទីលំនៅក្នុងបណ្តាខេត្តគោលដៅ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner