កូរ៉េខាងត្បូងព្រមានកូរ៉េខាងជើងឱ្យបញ្ឈប់គម្រោងបង្ហោះផ្កាយរណបស៊ើបការណ៍ជាបន្ទាន់

សេអ៊ូល៖ កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានព្រមានកូរ៉េខាងជើងឱ្យបញ្ឈប់ជាបន្ទាន់នូវគម្រោងបង្ហោះផ្កាយរណបស៊ើបការណ៍ ដោយប្ដេជ្ញានឹងចាត់វិធានការចាំបាច់ ដើម្បីជាការឆ្លើយតប ប្រសិនបើកូរ៉េខាងជើងនៅតែបន្ដគម្រោងនេះ។

ប្រធានផ្នែកប្រតិបត្តិការកូរ៉េខាងត្បូង លោក Kang Ho-pil បានបញ្ជាក់ថា កូរ៉េខាងជើងត្រូវបញ្ឈប់ជាបន្ទាន់នូវការរៀបចំត្រៀមនានាចំពោះគម្រោងក្នុងការបង្ហោះផ្កាយរណបស៊ើបការណ៍យោធា។ លោកក៏បានបន្ថែមថា ប្រសិនបើកូរ៉េខាងជើងនៅតែបន្ដ ហើយមិនអើពើនឹងការព្រមាននេះ យោធាកូរ៉េខាងត្បូងនឹងចាត់វិធានការចាំបាច់ដើម្បីការពារសុវត្ថិភាពរបស់ប្រជាជនខ្លួន។

នៅដើមខែវិច្ឆិកានេះ កូរ៉េខាងជើង បានឈានដល់ដំណាក់កាលចុងក្រោយក្នុងការត្រៀម ដើម្បីធ្វើតេស្ដសាកល្បងការបង្ហោះផ្កាយរណបស៊ើបការណ៍ ដែលនេះជាការវិវត្តថ្មីនៃបច្ចេកវិទ្យាផ្នែកយោធារបស់ប្រទេសនេះ ដោយយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារចារកម្មសម្ងាត់របស់កូរ៉េខាងត្បូង។
គួរបញ្ជាក់ថា កូរ៉េខាងជើងទទួលបានចំណេះដឹងបច្ចេកវិទ្យាផ្នែកអវកាសពីរុស្ស៊ី ខណៈដែលខ្លួនបានបញ្ជូនអាវុធទៅកាន់រុស្ស៊ី។

កូរ៉េខាងជើងក៏ធ្លាប់ធ្វើតេស្ដសាកល្បងការបង្ហោះផ្កាយរណបស៊ើបការណ៍នេះចំនួន ២ដងរួចមកហើយនៅក្នុងឆ្នាំ២០២៣នេះ ប៉ុន្ដែត្រូវទទួលបរាជ័យ។ ប្រទេសនេះក៏ធ្លាប់បានធ្វើតេស្ដសាកល្បងបាញ់គ្រាប់មីស៊ីលជាច្រើនដង ដោយមិនអើពើនឹងការអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងនោះពីសំណាក់ប្រទេសកូរ៉េខាងជើង ប្រទេសជាសម្ព័ន្ធមិត្ត និងមហាអំណាចពិភពលោក ដូចជាសហរដ្ឋអាមេរិកជាដើម៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍

សាន ស្រីលក្ខណ៍
សាន ស្រីលក្ខណ៍
មានតួនាទីជាអ្នកបកប្រែព័ត៌មានអន្ដរជាតិ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកិច្ចការសកល និងមានឯកទេសរងផ្នែកសេដ្ឋកិច្ច ហើយមានបទពិសោធន៍ផ្នែកបកប្រែព័ត៌មានអន្ដរជាតិនេះចំនួន​ ៣ឆ្នាំ។
ads banner
ads banner
ads banner