សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលកសិកម្ម នៅក្នុងស្រុក
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពលរដ្ឋខ្មែរ គាំទ្រផលិតផលខ្មែរ ជាពិសេសផលិតផលកសិកម្មដែលប្រជាកសិករខ្មែរបានដាំក្នុងស្រុកឱ្យបានច្រើន ដើម្បីធានាការផ្គត់ផ្គង់ និងមានទីផ្សារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អតិថិជន គឺជាអ្នកដែលកំណត់ទាំងក្នុង និងក្រៅប្រទេស ។បើផលិតហើយអត់មានទីផ្សារលក់ យើងពិបាក ។អញ្ចឹងសម្រាប់កម្ពុជាយើង សម្ដេចសូមឲ្យបងប្អូនប្រជាពលរដ្ឋយើង ជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង ។
សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់សហការគ្នា ចូលរួមអភិវឌ្ឍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារ ឲ្យក្លាយទៅជាកសិកម្មទំនើប និងកសិ-ឧស្សាហកម្មនៅក្នុងប្រទេស ដើម្បីលើកកម្ពស់ជីវិភាពរបស់កសិករឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ដោយ: វណ្ណលុក