កម្ពុជាបាននាំចេញផលកសិកម្មជាងប្រាំមួយលានតោន នៅរយៈពេល ១០ ខែនៃឆ្នាំនេះ ក្នុងអំឡុងពិភពលោក ប្រឈមខ្លាំងនឹងវិបត្តិស្បៀងអាហារ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោក បានប្រឈមច្រើននឹងវិបត្តិនានា ជាពិសេស បញ្ហាអាកាសធាតុ និងសង្គ្រាម ជាដើម ។
សម្ដេច បន្តថា ការប្រឈមនេះ បានបណ្ដាលឱ្យប្រទេសនានា មានការបារម្ភព្រួយ ខ្លាំងចំពោះបញ្ហាសន្តិសុខស្បៀងនៅក្នុងប្រទេសរៀងៗខ្លួន។ សម្ដេចធិបតី បញ្ជាក់ថា នៅអំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារនោះ កម្ពុជា មិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបានសល់ផលកសិកម្ម និងបាននាំចេញជាងប្រាំមួយលានតោន ក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២៣ នេះថែមទៀត ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកឱ្យដឹងថា នៅក្នុងពិភពលោកបច្ចុប្បន្ន ទោះបីជាបច្ចេកវិទ្យា មានការចម្រើនរីកក្ដី ក៏កសិកម្ម នៅតែដើរតួនាទីសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុ ស្សទូទៅជាដដែល ។
យោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញកសិផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងចំណោមកសិផលដែលបាននាំចេញមានអង្ករ, ស្រូវ និងកសិផលក្រៅពីស្រូវ-អង្ករ ដោយបាននាំចេញទៅកាន់ជាង ៧០ប្រទេស ៕

ដោយ:វណ្ណលុក