ប្រមុខការទូតកំពូលចិន៖ ពិភពលោកត្រូវចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់វិបត្តិមនុស្សធម៌នៅហ្គាហ្សា
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ប្រាប់ប្រមុខការទូតមកពីប្រទេសអារ៉ាប់ និងប្រជាជាតិមូស្លីមធំៗ នៅថ្ងៃចន្ទនេះថា សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ “គ្រោះមហន្តរាយមនុស្សធម៌” ដែលកើតឡើងនៅក្នុងតំបន់ហ្គាហ្សា។
គណៈប្រតិភូរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន ឥណ្ឌូណេស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងហ្ស៊កដានី កំពុងស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង នាសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំ ដែលមានគោលបំណង “កាត់បន្ថយការកើនឡើងជម្លោះរវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែលបច្ចុប្បន្ន។

លោក វ៉ាង បានប្រាប់ក្រុមរដ្ឋមន្ត្រីការបរទេសនៅក្នុងរដ្ឋធានីប៉េកាំងថា គ្រោះមហន្តរាយមនុស្សធម៌កំពុងលាតត្រដាងនៅហ្គាហ្សា ហើយស្ថានភាពនៅទីនោះកំពុងប៉ះពាល់ដល់ប្រទេសទាំងអស់ជុំវិញពិភពលោក។ លោក វ៉ាង បន្តថា សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការបន្ទាន់ប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងការពារសោកនាដកម្មនេះរីករាលដាលបន្ថែមទៀត។
លោក វ៉ាង បន្ថែមថា ចិនមានឆន្ទៈធ្វើការរួមគ្នាជាមួយប្រទេសអារ៉ាប់ និងមូស្លីម ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយសង្រ្គាមនៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្តេជ្ញាកម្ទេចក្រុមហាម៉ាសឱ្យអស់ បន្ទាប់ពីការវាយប្រហារដ៏អាក្រក់បំផុតមិនធ្លាប់មាន នៅថ្ងៃទី០៧ ខែតុលា ដែលបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់មនុស្សប្រមាណ ២៤០នាក់ធ្វើចំណាប់ខ្មាំង។
ចំណែករដ្ឋាភិបាលនៅហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា យ៉ាងហោចណាស់មនុស្សប្រមាណ ១៣,០០០នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកតាមអាកាស និងប្រតិបត្តិការជើងគោកឥតឈប់ឈររបស់អ៊ីស្រាអែល។ ភាគច្រើននៃអ្នកស្លាប់ទាំងសងខាង គឺជាជនស៊ីវិល និងកុមារ៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា