សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ សហការគ្នាលុបបំបាត់សកម្មភាពណាមួយ ដែលរារាំងមិនឱ្យប្រជា កសិករ និងវិស័យឯកជន ប្រកួតប្រជែងគ្នាក្នុងទីផ្សារដោយស្មើភាព
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានស្នើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធ សហការគ្នាលុបបំបាត់សកម្មភាពណាមួយ ដែលរារាំងមិនឱ្យប្រជាកសិករ និងវិស័យឯកជន ប្រកួតប្រជែងគ្នាក្នុងទីផ្សារដោយស្មើភាព ។
សម្តេចធិបតី បានបន្តថា៖ វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងការផ្ដល់ការគាំទ្រ ជាអ្នកសម្របសម្រួលរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ឥណទានកសិកម្ម និងការងារជំនួញ ធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ដល់គោលការណ៍ប្រកួតប្រជែងនៅទីផ្សារ ។
សម្តេច ថា ជាលទ្ធផល ទាល់តែមានការប្រកួតប្រជែង បានយើងរឹងមាំ។ ក៏ប៉ុន្តែរាជរដ្ឋាភិបាល មិនអាចជួយ រហូតដល់វិស័យឯកជនមិនប្រឹងនោះទេ ជាពិសេស វិស័យកសិកម្មដែលយើងជាសមាជិកអង្គការពាណិជ្ជកម្មពិភាពលោក។ វិធានការជាច្រើន ដូចជាការជួយទៅដល់សហគមន៍មួយចំនួន គឺប៉ះពាល់ទៅដល់ច្បាប់ នៃការប្រកួតប្រជែងតែម្ដង ហើយអាចនឹងបាត់ទីផ្សារ ប៉ុន្តែអ្វីដែលសំខាន់ យើងត្រូវពង្រឹងខ្លួនយើងឲ្យរឹងមាំ អាចម្ចាស់ការខ្លួនឯង ទាំងកសិករ ទាំងវិស័យឯកជន ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងមិនអាចទៅអន្តរាគមន៍តម្លៃបានរហូតទេ , អន្តរាគមន៍តម្លៃ បានតែទៅលើផលិតផលយុទ្ធសាស្ត្រមួយចំនួនពេលដែលចាំបាច់បំផុត ។ យើងមិនអាចថា លក់បានល្អហើយ ក៏នៅតែអន្តរាគមន៍ដើម្បីឱ្យកាន់តែល្អអត់ទេ , យើងត្រូវជួយកម្រិតណា ដើម្បីឲ្យទីផ្សារប្រកួតប្រជែង ។ បើមិនអញ្ចឹងទេ យើងនឹងប្រឈម ទី១-សូម្បីរដ្ឋធម្មនុញ្ញ ដែលធានាសេដ្ឋកិច្ចទីផ្សារហ្នឹងក៏កាត់បន្ថយការលូកដៃរបស់រដ្ឋ , ទី២-ប្រសិទ្ធភាពធ្វើយ៉ាងណាដើម្បីអន្តរាគមន៍នៅក្នុងកម្មវិធីរបស់រដ្ឋ ផ្ដល់នៅក្នុងកិច្ចការជាច្រើន ជាពិសេស កិច្ចការបច្ចេកទេសការងារហេដ្ឋារចនាសម្ព័ន្ធ ការងារមួយចំនួនដែលយើងអាចធ្វើរយៈវែង ហើយនឹងបន្តតាមដាន ។ ប៉ុន្តែទាមទារឲ្យមានការចូលរួមតាមរូបមន្តរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន និងកសិករ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនេះទាំងអស់គ្នា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា៖ ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល គឺធ្វើឡើងសម្រាប់ការមានវិបត្តិ និងស្ថានភាពជាក់លាក់ ហើយកិច្ចការទាំងអស់នេះ នៅក្នុងគោលដៅជំរុញពង្រឹងវិស័យកសិកម្មរបស់យើង ។ នៅក្នុងន័យនេះ សម្តេចយល់ថា ការកសាងបាននៅមូលដ្ឋាន នៃការអភិវឌ្ឍកសិកម្មមាននិរន្តរភាព និងម្ចាស់ការមួយ មិនតម្រូវឲ្យមានកិច្ចអន្តរាគមន៍ជានិច្ចពីរាជរដ្ឋាភិបាលនោះទេ។ តែរាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធ្វើឱ្យមានការប្រកួតប្រជែងនៅក្នុងទីផ្សារសេរីនេះ កាន់តែស្មើភាព យុត្តិធ៌ម និងបរិយាបន ។
ជាមួយគ្នានេះ សម្តេចក៏បានស្នើឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ មានការយកចិត្តទុកដាក់ទៅលើយន្តការដែលរៀបនេះ គឺយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ទីផ្សារក្នុងស្រុក តាមរយៈការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ ដោយធានាធ្វើយ៉ាងណា ដើម្បីឲ្យផលិតផលកសិកម្មរបស់យើង ទោះបីមិនបានគ្រប់មុខក៏ដោយផលិតផលសំខាន់ៗ ត្រូវបានធានានូវតម្លៃ និងការប្រកួតប្រជែងបាន ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ