ស៊ីមបាវ៉េប្រកាសអាសន្នក្នុងរដ្ឋធានី ដោយសារជំងឺអាសន្នរោគរាតត្បាត

ហារ៉ារ៉េ៖ ប្រទេសស៊ីមបាវ៉េប្រកាសដាក់រដ្ឋធានីហារ៉ារ៉េ ក្នុងស្ថានភាពអាសន្ន ឆ្លើយតបនឹងការរាតត្បាតខ្លាំងនៃជំងឺអាសន្នរោគ ដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅទូទាំងប្រទេស នេះបើតាមការអះអាងរបស់អភិបាលក្រុង ហារ៉ារ៉េ កាលពីសប្តាហ៍មុន។

ហារ៉ារ៉េ ដែលជារដ្ឋធានីរបស់ស៊ីមបាវ៉េ មានប្រជាជនចំនួន ១.៥លាននាក់ បានទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែការផ្ទុះឡើងនូវជំងឺអាសន្នរោគ ដែលបង្កផលប៉ះពាល់ដល់ខេត្តទាំងអស់ របស់ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ។ អភិបាលក្រុងហារ៉ារ៉េ លោក ឡាន ម៉ាខូណេ បាននិយាយថា យើងបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ពីព្រោះស្ថានភាពឥឡូវនេះ គឺអាក្រក់ខ្លាំងណាស់… ជំងឺអាសន្នរោគកំពុងរាលដាលពាសពេញទីក្រុង។

ប្រទេសស៊ីមបាវ៉េបានកត់ត្រាករណីសង្ស័យថា កើតជំងឺអាសន្នរោគជាង ៧,០០០នាក់ និងមានអ្នកស្លាប់ជិត ១៥០នាក់ ក្នុងនោះ ១២នាក់នៅក្នុងរដ្ឋធានីហារ៉ារ៉េ ចាប់តាំងពីជំងឺអាសន្នរោគផ្ទុះឡើងកាលពីខែកុម្ភៈ។ ជំងឺអាសន្នរោគតែងតែកើតឡើងជាទៀងទាត់ នៅតាមបណ្តាទីក្រុងនានារបស់ប្រទេសស៊ីមបាវ៉េ ជាទីជួបកង្វះការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ហើយហេដ្ឋារចនាសម្ព័ន្ធដួលរលំ ដោយសារតែការធ្វេសប្រហែសជាច្រើនឆ្នាំ។ ជំងឺអាសន្នរោគ ឆ្លងពីបាក់តេរី ដែលជាទូទៅ ឆ្លងតាមរយៈម្ហូបអាហារ ឬទឹកដែលមានមេរោគ។

គួរបញ្ជាក់ថា បើតាមមន្រ្តីស៊ីមបាវ៉េ កាលពីឆ្នាំ ២០០៨ ជំងឺអាសន្នរោគបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤,០០០នាក់ និងប្រមាណ ១០០,០០០នាក់បានធ្លាក់ខ្លួនឈឺ។ ដោយឡែកនៅដើមឆ្នាំនេះ អង្គការសហប្រជាជាតិបាននិយាយថា ជំងឺអាសន្នរោគបានផ្ទុះឡើងវិញជាសកល ចាប់តាំងពីឆ្នាំ ២០២១ បន្ទាប់ពីការធ្លាក់ចុះជាលំដាប់មួយទសវត្សរ៍៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner