ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋានក្នុងខណ្ឌកំបូល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី ២១ ខែវិច្ឆិកានេះបាន អញ្ជើញ ចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត ជាង១៨ .០០០នាក់ដែលមកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោង ចក្រ ដែលមានមូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀក បំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន ពីរ និង រោងចក្រផលិតផលិត ផលធ្វើដំណើរ និងកាបូប ចំនួន មួយ ។

នេះ គឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ ដែលសម្តេច ធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ នឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាម ការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដោយក្នុងចំនួនទាំង ១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ១៧២ ៣៥០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាសចំនួន ១៨៩ ។

សូមជម្រាបថា នៅក្នុងពិធីជួប សំណេះសំណាល ជាមួយកម្មករ និយោជិត តាមបណ្ដារោងចក្រកន្លងមក ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានថ្លែង អំណរគុណ ចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំឱ្យ ក្រសួង ការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្ត នូវការងារចំពោះមុខ ក្នុង ឆ្នាំ២០២៣ ចំនួន៦ចំណុច និងការងារអាទិភាពក្នុងរយៈពេល២ ឆ្នាំខាងមុខ ៤ចំណុចទៀត សំដៅបង្កើន ប្រាក់ចំណូល ការធានា លក្ខខណ្ឌការ ងារល្អ ប្រសើរ ការ ពង្រឹង សុខដុម នីយ កម្មទំនាក់ទំនង វិជ្ជាជីវ: កិច្ចគាំ ពារ សង្គម និងជំនាញវិជ្ជាជីវ: ជូនបងប្អូនកម្មករនិយោ ជិត រួមនិងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឯកឧត្តម ហេង សួរ បាន បង្ហាញ ពីវឌ្ឍនភាពនៃ ការងារអាទិភាព ទាំង៦ចំនុច ដែលក្រសួងការងារបាននិងកំពុងអនុវត្ត រួមមាន៖

១. ការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាឡើងដល់ចំនួន២០៤ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤សម្រាប់កម្មករ និយោជិតវិស័យវាយនភណ្ឌ កាត់ដេរ បើទោះបីជាប្រទេសជាគូប្រកួតប្រជែងរបស់កម្ពុជាមួយចំនួនមិនអាចដំឡើងប្រាក់ឈ្នួលអប្បបរមាក៏ដោយ។

២. ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គឺក្រសួងកំពុងពិភាក្សាជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម រៀបចំ ប្រកាសអន្តរក្រសួង ដើម្បីប្រកាសដាក់ឱ្យអនុវត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចធិបតី។ ការពង្រីកវិសាលភាពតាមរបបស្ម័គ្រចិត្តនេះ នឹងធ្វើឱ្យបងប្អូនកម្មករនិយោជិតអាចសន្សំថវិកាបានប្រមាណ ជា១៥ ទៅ ២០ដុល្លារក្នុងមួយខែ ដោយផ្អែកតាមការអង្កេតកន្លងទៅនេះ កម្មករនិយោជិត ឬប្រជាពលរដ្ឋម្នាក់ជាមធ្យមត្រូវចំណាយចន្លោះពី ១៥ ទៅ ២០ដុល្លារក្នុងមួយខែសម្រាប់សេវាថែទាំសុខភាព ក្នុងករណីដែលមិនមានរបបថែទាំសុខភាព។

៣. ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងបងប្អូនកម្មករនិយោជិត‎ចំនួនប្រមាណ១,៥លាននាក់ ដែលកម្មវិធីនេះនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមគ្នា ជាមួយ ការប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ផងដែរ។

៤. ការជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង គឺក្រសួងបាននិងកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជក កែសម្រួលយន្តការ អនុវត្ត និងកែសម្រួលកម្មវិធីហ្វឹកហ្វឺនកូនជាងឱ្យស្របតាមកញ្ចប់ស្តង់ដាបណ្តុះបណ្តាល សម្រាប់កម្មវិធី បង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយ រួមបញ្ចូលកម្មវិធីហាត់ការ និងកម្មសិក្សាផងដែរ។

៥. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន, និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល បានអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មក។ បន្ថែមពីនេះ ស្របតាមគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្មីរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៤,៦លានដុល្លារ ជូនដល់កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន១៤៥៣៤នាក់ និងកូនចំនួន ១៤៦៤០នាក់។

៦. បានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់លក្ខណវិនិច្ឆ័យ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដោយពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំង ចាប់ពីឆ្នាំ២០២៤។

ការងារអាទិភាពទាំង៦ ដែល ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្ត ក៏ដូចជា គោល នយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ទូទាំង ប្រទេស ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner