អង់គ្លេស និងកូរ៉េខាងត្បូង ព្រមព្រៀងពង្រឹងទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ

ឡុងដ៍៖ វិមាន Downing Street បាននិយាយនៅថ្ងៃចន្ទថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នឹងបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយជាមួយអង់គ្លេស ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក រយៈពេលបីថ្ងៃក្នុងសប្តាហ៍នេះ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នឹងជួបពិភាក្សាទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស រីសស៊ី ស៊ូណាក់ ហើយបើតាមវិមាន Downing Street ពាណិជ្ជកម្ម និងការវិនិយោគ គឺជារបៀបវារៈសំខាន់។

បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេស-កូរ៉េខាងត្បូង ក៏នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងឈានមុខគេលើពិភពលោក នៅក្នុងថ្ងៃពុធសប្តាហ៍នេះ។

លោក ស៊ូណាក់ និយាយថា នៅពេលដែលប្រទេសទាំងពីរផ្តោតលើការច្នៃប្រឌិត, ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងការការពារសណ្តាប់ធ្នាប់ ដែលផ្អែកលើច្បាប់អន្តរជាតិនោះ អង់គ្លេស និងកូរ៉េខាងត្បូង គឺជាដៃគូមានលក្ខណៈដូចគ្នាពីធម្មជាតិ។

រដ្ឋាភិបាលទីក្រុងឡុងដ៍បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក យូន នឹងទទួលបានការវិនិយោគ ២១ពាន់លានផោន ឬប្រហែល ២៦,២ពាន់លានដុល្លារ ពីក្រុមហ៊ុនកូរ៉េខាងត្បូងនៅចក្រភពអង់គ្លេស សម្រាប់ការគាំទ្រដល់គម្រោងកកើតឡើងវិញ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមតួលេខចុងក្រោយបានបង្ហាញថា ពាណិជ្ជកម្មប្រចាំឆ្នាំលើទំនិញ និងសេវាកម្មរវាងអង់គ្លេស និងកូរ៉េខាងត្បូង មានតម្លៃ ១៦,១ពាន់លានផោន ឬជិត ២០ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner