បេក្ខជនប្រឡងបាក់ឌុប ខ្លះរំភើបក្តុកក្តួល ខ្លះសប្បាយ រីកតាយ និងខ្លះទៀតស្រក់ទឹកភ្នែក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ជាថ្ងៃ ប្រកាស លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅ ថាបាក់ឌុបសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល។នៅតាមមណ្ឌលប្រឡងនានាគេសង្កេត ឃើញ បេក្ខជន ជា ច្រើន បានមករង់ចាំស្តាប់ការ ប្រកាសលទ្ធផល នៃការប្រឡ ងរបស់ខ្លួនដោយអារម្មណ៍ជ្រួលជ្រាល់។

ជាមួយនឹងទិដ្ឋភាពដែលបង្ហាញអារម្មណ៍ចម្រុះរបស់បេក្ខជននោះ នៅ ពេលប្រកាសលទ្ធផលជាផ្លូវការមានបេក្ខជនជាច្រើនបានសប្បាយរីករាយក្នុងលទ្ធផលដែលពួកគេទទួលបានដែលមានន័យថាជាប់អាចបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា។ បេក្ខជនដែលបានឮឈ្មោះរបស់ខ្លួន ប្រកាស តាមឧឃោសនស័ព្ទ បញ្ជាក់ថា”ខ្លួនប្រឡងជាប់” តែង ស្រែក ហ៊ោរ កញ្ជ្រៀវយ៉ាងក្តីសប្បាយរីករាយ។មា្នក់ៗលោតកញ្ឆេង និងព្រម ទាំងប្រញាប់ប្រញាល់ទូរស័ព្ទផ្តល់ដំណឹងទៅប្រាប់ឪពុកម្តាយ បងប្អូនប្រកប ដោយក្តីរីករាយបំផុត។

ដោយឡែកក៏មានបេក្ខជនមួយចំនួនទៀតដែលពុំបានឮឈ្មោះ បាន បង្ហាញភាពស្រងូតស្រងាត់ និង ខ្លះទៀតស្រក់ទឹក ដោយក្តី សោកស្តាយ ។ការអស់សង្ឃឹម និងលាយឡំជាមួយការខ្មាសអៀនកំពុង ចាក់ដោត ក្នុងអារម្មណ៍។ទោះបីយ៉ាងណាបេក្ខជនទាំងនេះក៏មាន ឱកាសរៀន មុខជំនាញវិជ្ជាជីវៈ ឬ ក៏មានឱកាសប្រឡងនៅឆ្នាំក្រោយបន្តទៀត ផងដែរ។

សប្បាយរីករាយនឹងលទ្ធផលទទួលបាន នៅមណ្ឌលវិទ្យាល័យទូល ទំពូងក្នុងរាជធានីភ្នំពេញ យុវជន ចាន់ ដាណា បានឱ្យដឹងថា សេចក្តីប៉ង ប្រាថ្នាក្នុងការទទួលបានសញ្ញាបត្របាក់ឌុបរបស់លោកទទួលបានជោគជ័យហើយ។លោកទទួលនិទ្ទេស D ដែល អាចបន្តថ្នាក់សាកលវិទ្យាល័យ បានដូចសេចក្តីប្រាថ្នា។

យុវជនរូបនេះបញ្ជាក់ប្រាប់ដល់សិស្សជំនាន់ក្រោយៗថា”ខ្ញុំសុំផ្តាំទៅប្អូនៗជំនាន់ក្រោយត្រូវខិតខំរៀនសូត្រពីក្បាលទី ហើយត្រូវរៀនឱ្យចេះល្អ ជាង រៀនចាំពីព្រោះដល់ពេលប្រឡងយើងអាចធ្វើកិច្ចការបានល្អ ហើយ អាចជួយឱ្យយើងប្រឡងជាប់”។

កញ្ញា ចាន់ ស្រីពេជ្រ ដែលបានមកចាំស្តាប់លទ្ធផលការប្រកាស លទ្ធផលប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យទួលទំពូងនេះដែរបញ្ជាក់ថា កញ្ញាសប្បាយរីករាយជាមួយនឹងការប្រឡងជាប់។ទោះកញ្ញាជាប់ ត្រឹមនិទ្ទេសEប៉ុន្តែក៏សប្បាយរីករាយដែរព្រោះថាអាចបន្តថ្នាក់ឧត្តមសិក្សាដែលជាក្តីស្រមៃចង់រៀនខ្ពង់ខ្ពស់នឹងគេ។

យុវជន គឹម សៀមភក្តី ដែលបានជាប់និទ្ទេសD ឱ្យដឹងថា ការប្រឡង ពិតជាស្វិតស្វាញ ហើយយុវសិស្សជំនាន់ក្រោយចាំបាច់ ត្រូវខិតខំរៀន សូត្រតាំងតែពីដើមឆ្នាំ ។បើរៀនចុងឆ្នាំនោះពិតជាបញ្ហាប្រឈម ធ្លាក់ ភាគច្រើនពុំខាន។

ដូចគ្នានេះកញ្ញា គឹម ខេឡា បានឱ្យដឹងថា ការប្រឡង ជួបការលំបាក ដោយសារតែវិញ្ញាសា ភាគច្រើនធ្វើពុំបានល្អ តែកញ្ញានៅតែ ជាប់ត្រឹម និទ្ទេសE សមដូចបំណងក្នុងការឈានទៅកាន់ថ្នាក់ឧត្តមសិក្សា បាន រៀនសូត្រ ដូចគេឯងបន្តទៀត។

កញ្ញាលីខេង , កញ្ញាចាន់ឌីហ្សា ,ស្រី រដ្ឋ,កញ្ញាខឹម ស្រីពៅ ដែលសុទ្ធតែ ជាសិស្សរៀននៅសាលារៀននីសិនគ្រីបអាខាដេមី ហើយបានមក ប្រឡង នៅមណ្ឌលវិទ្យាល័យទូលទំពូងបានឱ្យដឹង ប្រហាក់ប្រហែល គ្នាថា ការខិតរៀនសូត្រនាកន្លងមកធ្វើឱ្យពួកខ្លួនទទួលលទ្ធផល យ៉ាងល្អនៅថ្ងៃនេះ។ការប្រឡងពិតជាស្វិតស្វាញ ហើយបើពុំខិត ខំរៀនបានត្រឹមត្រូវទេ មិនអាចមានថ្ងៃនេះឡើយ។

គួរបញ្ជាក់ថាបើតាមការប្រកាសលទ្ធផលរបស់ក្រសួងអប់រំនាឆ្នាំ ២០២៣បង្ហាញថាបេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់។

ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅនៅរសៀលម៉ោង៣ថ្ងៃទី ២៣ ខែ វិច្ឆិកា សម្រាប់ រាជធានីភ្នំពេញ និង ខេត្តកណ្តាល និងព្រឹក ថ្ងៃទី ២៤ ខែ វិច្ឆិកាសម្រាប់ខេត្តដទៃទៀត ៕
អត្ថបទ៖ជិន ម៉ាដេប៉ូ,រូបភាព៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner