នាយករដ្ឋមន្រ្តីបែលហ្ស៊ិក៖ ប្រធានាធិបតីប៉ាឡេស្ទីនថ្កោលទោស និងរក្សាជំហរនៅឆ្ងាយពីពួកភេរវករហាម៉ាស

រ៉ាម៉ាឡាហ៍៖ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក អាឡិចសាន់ឌើ ឌឺ គ្រូ បាននិយាយថា ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស់ បានរក្សាគម្លាតខ្លួនលោកឱ្យស្ថិតនៅឆ្ងាយ ពីការជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកភេរវករហាម៉ាស។

នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក អាឡិចសាន់ឌើ ឌឺគ្រូ បាននិយាយបន្ទាប់ពីជួបជាមួយមេដឹកនាំប៉ាឡេស្ទីននៅទីក្រុងរ៉ាម៉ាឡាហ៍ នៅក្នុងដំណើរទស្សន៍នៅតំបន់មជ្ឈិបូព៌ាថា ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស់ បានរក្សាគម្លាតខ្លួនលោកឱ្យស្ថិតនៅឆ្ងាយ ពីការជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកភេរវករហាម៉ាស។

នាយករដ្ឋមន្ត្រីបែលហ្ស៊ិករូបនេះ បានប្រាប់អ្នកយកព័ត៌មានថា លោក អាបាស់ បាននិយាយយ៉ាងច្បាស់ថា ក្រុមហាម៉ាសមិនតំណាងឱ្យប្រជាជនប៉ាឡេស្ទីនទេ ប៉ុន្តែជាឥទ្ធិពលអវិជ្ជមាន។ នេះជាលើកដំបូងហើយ ដែលខ្ញុំបានលឺគាត់និយាយយ៉ាងច្បាស់ថា គាត់នៅឆ្ងាយពីសកម្មភាពរបស់ពួកភេរវករ និងថ្កោលទោសទង្វើរបស់ក្រុមហាម៉ាស។

លោក ឌឺគ្រូ បន្ថែមថា លោក អាបាស់ យល់ថា កំណែទម្រង់ផ្ទៃក្នុងនៅក្នុងទឹកដីប៉ាឡេស្ទីន គឺជារឿងចាំបាច់ដែលត្រូវធ្វើ។ ភាពជាមេដឹកនាំប៉ាឡេស្ទីនដ៏រឹងមាំ និងលើសពីនេះ ក៏ជារឿងចាំបាច់ផងដែរ ដើម្បីអាចអនុវត្តជំហានទាំងនេះ ដែលមិនមែនជាជំហានងាយស្រួលនោះទេ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលចូលទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០នាក់។ ចំណែកក្រុមមន្ត្រីក្នុងតំបន់ហ្គាហ្សាបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ក៏បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៤,០០០នាក់ផងដែរ ដែល ក្នុងនោះមាន ៤០ភាគរយជាកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner