មនុស្ស ៦នាក់បាត់ខ្លួន ក្នុងហេតុការណ៍រអិលបាក់ដីនៅក្វាតេម៉ាឡា
ក្វាតេម៉ាឡា៖ យ៉ាងហោចណាស់មនុស្ស ៦នាក់កំពុងបាត់ខ្លួន បន្ទាប់ពីហេតុការណ៍រអិលបាក់ដីនៅតំបន់ភ្នំ នៅក្នុងសង្កាត់ក្រីក្រមួយកន្លែងនៃរដ្ឋធានីក្វាតេម៉ាឡា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានចុះផ្សាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់កំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបានកើតឡើងនៅឯតំបន់ភ្នំមួយ នៃសង្កាត់ដែលមានប្រាក់ចំណូលទាបរបស់រដ្ឋធានីក្វាតេម៉ាឡា។ ជាមួយគ្នានេះ ផ្ទះ ៥ខ្នងបានរងការខូចខាត ខណៈដែលមនុស្ស ៣០នាក់រងគ្រោះ និង៦០នាក់ទៀតត្រូវជម្លៀសចេញទៅកាន់ទីកន្លែងមានសុវត្ថិភាព។
អ្នកសម្របសម្រួលការទប់ស្កាត់គ្រោះមហន្តរាយក្វាតេម៉ាឡា លោក Rodolfo Garcia បាននិយាយថា យើងកំពុងព្យាយាមស្វែងរក និងកំណត់ទីតាំងមនុស្សដែលកំពុងបាត់ខ្លួនទាំង ៦នាក់ បន្ទាប់ពីហេតុការណ៍រអិលបាក់ដី បានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងសង្កាត់ El Gallito។ លោក Rodolfo Garcia បន្ថែមថា បុគ្គលិកមកពីនាយកដ្ឋានកាត់បន្ថយហានិភ័យរបស់តំបន់ Conred កំពុងធ្វើការវាយតម្លៃពីហានិភ័យ។ ហើយភ្លាមៗនេះ មានផ្ទះចំនួន ៥ខ្នងរងការខូចខាតធ្ងន់ធ្ងរ ផ្ទះចំនួន ៥ខ្នងស្ថិតក្នុងហានិភ័យ ហើយមនុស្ស ៦០នាក់ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព។
សូមរម្លឹកថា កាលពីចុងខែកញ្ញា សោកនាដកម្មមួយទៀតបានកើតឡើងនៅតំបន់ក្បែរនោះ នៅពេលដែលទឹកទន្លេបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្សស្លាប់ ឬបាត់ខ្លួន ១០នាក់។ ប្រជាជនរាប់ពាន់គ្រួសារនៅក្នុងប្រទេសក្វាតេម៉ាឡា ដែលស្មើនឹង ៥៩ភាគរយ នៃប្រជាជនសរុប ១៧.៧លាននាក់ ដែលរស់នៅក្នុងភាពក្រីក្រ បានបង្ខំចិត្តសាងសង់ផ្ទះរបស់ពួកគេនៅតាមច្រាំងទន្លេ និងតំបន់ដែលងាយរងគ្រោះទឹកជំនន់។ យោងតាមទិន្នន័យពីសភាសំណង់ក្វាតេម៉ាឡា (CGC) និងសមាគមជាតិនៃអ្នកសាងសង់ផ្ទះ (Anakovi) បានឱ្យដឹងថា ប្រទេសនេះមានលំនៅដ្ឋានមានហានិភ័យប្រហែលពីរលានខ្នង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

