រថយន្តសាំយ៉ុងបុកម៉ូតូហុងដាឌ្រីមសេរី០២០ ចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ពីរនាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ១
ភ្នំពេញ៖ បុរស៣នាក់ បានជិះម៉ូតូ មួយគ្រឿងឌុបគ្នាត្រលប់មកពីខេត្តព្រៃវែងវិញ ក្នុងល្បឿនលឿន ដោយអកុសលក៏បានបុកជាមួយរថយន្ត សាំយ៉ុងដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្ដាល ឲ្យស្លាប់ ២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលា ម៉ោង ១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិត នៅ តាមបណ្ដោយ ផ្លូវ ជាតិលេខ ១ ក្នុងភូមិស្វាយតាអុក សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពបុរសរងគ្រោះទី១មានឈ្មោះសោម វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណេីតនៅ ឃុំ អង្គររាជ្រ ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង ។ ឯសពបុរសរងគ្រោះទី២មានឈ្មោះ មិនស្គាល់ឈ្មោះនោះទេ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរស៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1R-8990 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ពីព្រៃវែងមកភ្នំពេញ (ទិសដៅពីកេីតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី បានវ៉ាជែងរថយន្តមិនចាំម៉ាកមួយគ្រឿង ទៅខាងធ្វេងដៃរួចក៏ចូលគន្លងម្ខាងទៀត ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក សាំយ៉ុង (ប្រភេទរថយន្តដឹកបន្លែ ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1947 ធ្វេីដំណេីរតាមផ្លូជាតិលេខ១ ទិសដៅពីភ្នំពេញ ទៅព្រៃវែង ក្នុងល្បឿនលឿនដូចគ្នា ពីលិចទៅកេីត ក៏បានបុកចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យម៉ូតូប៉េីងអូសនឹងថ្នល់ប្រហែល៥០ម៉ែត្រ ធ្វេីឲ្យបុរសពីរនាក់ (ម្នាក់ជាអ្នកឌុបនិងអ្នកជិះកណ្ដាល) បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ចំណែកឯអ្នករួមដំណេីរពីក្រោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនគ្រោះទាំង២នាក់ត្រូវបាន សមត្ថកិច្ចធ្វេីកំណត់ហេតុ រួច ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ធ.ដ
ដោយ៖ ជីម ភារ៉ា





