កាណាដា និងអឺរ៉ុបពិភាក្សាពីសង្គ្រាមនៅអ៊ុយក្រែន និងវិបត្តិអាកាសធាតុ ក្នុងកិច្ចប្រជុំកំពូលកាណាដា

អូតាវ៉ា៖ មេដឹកនាំកាណាដា និងសហភាពអឺរ៉ុប នៅថ្ងៃសុក្រសប្តាហ៍នេះ បានរំលឹកឡើងវិញនូវការគាំទ្ររឹងមាំដល់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយក៏បានសន្យាដែរថា នឹងជំរុញសម្របសម្រួលឱ្យកាន់តែស៊ីជម្រៅលើកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានស្វាគមន៍ប្រធានគណៈកម្មាធិការអ៊ឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង St. John’s ភាគខាងកើតបំផុតរបស់ប្រទេសកាណាដា។ ជាមួយគ្នានេះ មេដឹកនាំកាណាដា និងអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនឹងឈរជាមួយអ៊ុយក្រែនឱ្យបានយូរតាមដែលពួកគេត្រូវការ។

បន្ថែមលើនេះ ភាគីទាំងពីរបានសន្យាថា នឹងដោះស្រាយតម្រូវការផ្នែកយោធា និងការពារជាតិរបស់អ៊ុយក្រែនជាបន្ទាន់ ហើយក៏បានធានាដែរថា អ៊ុយក្រែននឹងទទួលបានជំនួយផ្នែកសន្តិសុខរយៈពេលវែងដែលខ្លួនត្រូវការ។ លោក ទ្រូដូ បានប្រកាសថា កាណាដានឹងបរិច្ចាគកាំភ្លើងចំនួន ១១,០០០ដើមដល់អ៊ុយក្រែន រួមជាមួយនឹងគ្រាប់កាំភ្លើងចំនួន ៩លានគ្រាប់។

ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនកាលខែកុម្ភៈ ឆ្នាំ២០២២ កាណាដាបានសន្យាផ្តល់ជំនួយយោធាចំនួន ២.៤ពាន់លានដុល្លារកាណាដា ឬប្រមាណ ១.៨ពាន់លានដុល្លារដល់អ៊ុយក្រែន។ រីឯលោក មីសែល ក៏បាននិយាយដែរថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជំនួយបន្ថែមទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ។

ដោយឡែក មេដឹកនាំកាណាដា និងអឺរ៉ុបក៏បានប្រកាសពីការបង្កើតសម្ព័ន្ធភាពបៃតងរវាងកាណាដា-សហភាពអឺរ៉ុបផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសទាក់ទងនឹងទីផ្សារកាបូន និងអ៊ីដ្រូសែនបៃតង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner