ខេត្តសៀមរាប ទទួលអ្នកដំណើរ ចំនួន ២០៨នាក់ មកកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តាមជើងហោះហើរត្រង់ពីទីក្រុងស៊ីដនីយ៍ នៃប្រទេសអូស្ត្រាលី
(សៀមរាប)៖ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន២០៨នាក់ មកកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) តាមជើងហោះ ហើរត្រង់ពីទីក្រុងស៊ីដនីយ៍ (Sydney) នៃប្រទេសអូស្ត្រាលី (Australia) ដោយប្រើប្រាស់អាកាសយានធុនធំ (Wide-Body Aircraft) ប្រភេទប៊ូអ៊ុង (Boeing) ព៧៧៧-២០០ ។
ពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនេះ គឺប្រព្រឹត្តទៅដោយភាពរួស រាយរាក់ទាក់ និងកក់ក្តៅក្រៃលែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ ព្រមទាំង ប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក្រោយពីអាកាសយានដ្ឋានដ៏ថ្មីស្រឡាងនេះត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ការរៀបចំពិធីស្វាគមន៍នេះ គឺដើម្បីបញ្ជាក់ជូនសាធារណជនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រតិបត្តិករ អាកាសចរណ៍ ភ្នាក់ងារទេសចរណ៍ និងវិស័យផ្សេងៗទៀតដែលពាក់ព័ន្ធនិងវិស័យអាកាសចរណ៍ស៊ីវិល ក្នុង ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសថា ក្រោមម្លប់សុខសន្តិភាព និងក្រោមមាគ៌ាដឹកនាំដ៏ ឈ្លាសវៃត្រឹមត្រូវ និងចក្ខុវិស័យច្បាស់លាស់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបានបន្តការអភិវឌ្ឍន៍ដោយសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រតែមួយគត់ដែលខេត្តសៀមរាបក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៖
១. មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ទទួលជើងហោះហើរត្រង់ ពីតំបន់ឆ្ងាយៗ ដូចជាមកពី ប្រទេសអូស្ត្រាលីនៅថ្ងៃនេះ ដែលពីមុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ពុំអាចអនុញ្ញាតចុះចត អាកាសយានធុនធំបាន ដោយសារមានការព្រួយបារម្ភពីផលប៉ះពាល់ដល់ប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌ ពិភពលោកដែលកើតឡើងដោយសារសម្លេងរំញ័ររបស់អាកាសយានធុនធំ និងហេដ្ឋារចនាសម្ព័ន្ធអាកាសយាន ដ្ឋាននៅមានកម្រិតជាដើម។
២. ជំរុញនិងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងនានា ដើម្បីរៀបចំបើកជើងហោះហើរត្រង់ជាប្រក្រតី (Direct Scheduled Flights) ពីគ្រប់ទិសទី នៃអន្តរទ្វីប ដូចជា អឺរ៉ុប មជ្ឈិមបូព៌ា ឥណ្ឌា និងសហរដ្ឋអាមេរិក ជាដើម តាមរយៈការប្រើប្រាស់អាកាសយានធុនធំ និងហោះហើររយៈចម្ងាយឆ្ងាយ ដោយមិនចាំបាច់ធ្វើការ តភ្ជាប់ជើងហោះហើរក្នុងតំបន់ មកកាន់ខេត្តសៀមរាប ក្រោមគោលនយោបាយបើកចំហរជើងមេឃ របស់រាជ រដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ មកម៉្លេះ។
៣. ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ ជូនអ្នកដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍ ប្រកបដោយផាសុខភាព ស្ថេរភាព និងចីរភាព។
ពិធីស្វាគមន៍ទទួលជើងហោះហើរត្រូវបានរៀបចំឡើងតាមលក្ខណៈប្រពៃណីជាតិ និងអន្តរជាតិ តាមរយៈការបាញ់ទឹកទទួលស្វាគមន៍អាកាសយាន ជូនបាច់ផ្កា និងក្រម៉ា ដល់អ្នកដំណើរតាមផ្លូវអាកាស គ្រប់ៗគ្នាទាំង ២០៨នាក់ និងក្រុមអាកាសយានិក ចំនួន ១៦នាក់ផងដែរ ៕
ដោយ ស៊ាន សុផាត





