អង្គការសុខភាពពិភពលោក (WHO) ៖ វីរុស Covid-19 បម្លែងខ្លួនថ្មីនៅតែជាការគំរាមកំហែងដល់ពិភពលោក

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ជំងឺកូវីដ១៩នៅតែជាការគំរាមកំហែង ដោយសារតែការបម្លែងខ្លួនថ្មីរបស់វីរុសនេះ បាននិងកំពុងរីករាលដាលជាបន្តបន្ទាប់ជុំវិញពិភពលោក។

អ្នកជំនាញរបស់អង្គការសុខភាពពិភព (WHO) លោកស្រី Maria Van Kerkhove បាននិយាយថា មេរោគ SARS-CoV-2 កំពុងរាតត្បាតនៅគ្រប់ប្រទេសទាំងអស់នៅពេលនេះ ហើយវានៅតែបង្កការគំរាមកំហែងដល់ពិភពលោក។ លោកស្រី Van Kerkhove បាននិយាយនៅក្នុងកិច្ចពិភាក្សាមួយនៅលើបណ្តាញសង្គមរបស់អង្គការសុខភាពពិភពលោកថា យើងត្រូវរក្សាការប្រុងប្រយ័ត្ន ព្រោះមេរោគកំពុងចរាចរ វិវត្តខ្លួន និងផ្លាស់ប្តូរជានិច្ច។

ទោះបីជាយ៉ាងណា អ្នកជំនាញរបស់ WHO រូបនេះ បានសង្កត់ធ្ងន់ថា យើងមានភស្តុតាងដែលថា ការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 អាចជួយកាត់បន្ថយហានិភ័យដល់អាយុជីវិត បន្ទាប់ពីឆ្លងវីរុសនេះ។ លោកស្រីបន្ថែមថា មនុស្សអាចឆ្លងមេរោគ SARS-CoV-2 និងជំងឺគ្រុនផ្តាសាយក្នុងពេលតែមួយ ដូច្នេះលោកស្រីបានជំរុញឱ្យប្រជាជននៅអឌ្ឍគោលខាងជើង ទៅទទួលថ្នាំបង្ការទាំងពីរនេះ នៅពេលរដូវរងាចូលមកដល់។

គួរបញ្ជាក់ថា ជំងឺរាតត្បាត Covid-19 បានសម្លាប់មនុស្សរាប់លាននាក់ និងបំផ្លាញសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ។ ជាការឆ្លើយតប WHO បានប្រកាសអាសន្នសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិ ដែលជាការជូនដំណឹងខ្ពស់បំផុតរបស់ខ្លួននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ហើយនៅទីបំផុតបានដកចេញវិញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ទោះបីជាយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) នៅតែព្រួយបារម្ភអំពីផលប៉ះពាល់រយៈពេលវែង ដែលបណ្តាលមកពីវីរុស ដែលគេស្គាល់ជាទូទៅថា Long Covid ឬលក្ខខណ្ឌក្រោយ Covid៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner