អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា៖ មានសន្តិភាព ទើបមានបុណ្យអុំទូកដ៏សប្បាយរីករាយនាពេលនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​លើកឡើង​ឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីក​រាយនៅមុខព្រះបរមរាជវាំងនិងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ នៅតាមបណ្តាខេត្តនានាក៏ទទួលបានភ្ញៀវជាតិ និងបរ​ទេ​សយ៉ាងច្រើនដែរ។

តាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា  អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា តាមរយៈពិធីបុណ្យប្រពៃណីដ៏ធំនេះធ្វើឡើងដើម្បីរម្លឹកវីរភាពកងទ័ពជើងទឹ​ក គុណព្រះគង្គា និងព្រះធរណី។ ប៉ុន្តែបច្ចុប្បន្ន​បុណ្យអុំទូកក៏ជាឱកាសរម្លឹកគុណសន្តិភាពដែរពីព្រោះពិធីបុណ្យដ៏ធំនិងដ៏សប្បាយរីករាយនេះមិនអាចប្រារព្ធធ្វើបានទេក្នុងកំឡុងពេលដែលប្រទេសកើតសង្គ្រាម និងក្នុងរបបខ្មែរក្រហម។ ក្តីសប្បាយរីករាយកើតមានតែនៅក្រោមម្លប់សុខសន្តិភាពតែប៉ុណ្ណោះ។  

ឯកឧត្តម ប៉ែន បូណា បានបញ្ជក់ថា៖ «ជាក់ស្តែង ពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ធានាការពារបាននូវសុខសន្តិភាពដែលរកបានដោ​យកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន»។

ឯកឧត្តមបន្តថា ខណៈដែលពលរដ្ឋខ្មែរកំពុងសប្បាយ​រីករាយ មនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកា​សបែបនេះទេដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាពហើយសង្គ្រាមកំពុងកើតឡើ​ងនៅក្នុងប្រទេសរបស់ខ្លួន។  

ជាមួយគ្នានេះដែរឯកឧត្តម ប៉ែន ប៉ូណា បាន​លើកឡើង​ពី​​អតីតកាលរបស់កម្ពុជា ដែល​ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ ៧មករា ១៩៧៩ ខ្មែ​រត្រូវហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាម សមុទ្រទឹកភ្នែកអស់ជិត៤ឆ្នាំដោយក្នុងកំឡុងពេលនោះជីវិតខ្មែរប្រមា​ណ​ ៣លាននាក់បានបាត់បង់។  ​​

ប្រសិនបើសន្តិភាពរបូតចេញពីដៃទៅវិញដោយប្រកាណាមួយ ​មិនដឹងជាត្រូវចំណាយពេលប៉ុន្មាន ទ​សវត្សរ៍ និងចំណាយជីវិតមនុស្សប៉ុន្មានលាននាក់ទៀតទេ ទើបរកបានសន្តិភាពមកវិញ? ហើយជួនកាលទោះជាចំណាយធំយ៉ាងណាក៏មិនប្រាកដថា អាចរកសន្តិភាពបានមកវិញនោះដែរ។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ៖ «នេះគឺជាហេតុផលដែលត្រូវចាត់ទុក ការធានាការពារបាននូវសន្តិភា​ព គឺជាសមិទ្ធផលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោ​យសារសន្តិភាព ទើបយើងអាចប្រារព្ធបុណ្យអុំទូកដ៏សប្បាយរីករាយបែបនេះបាន»៕  

ដោយ៖នាង សុគន្ធា

ads banner