រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ កម្មវិធីអភិវឌ្ឍទាំងអស់ទាមទារឱ្យមានកិច្ចសហការ និងសិក្សាឱ្យបានច្បាស់លាស់ ជាពិសេស ត្រូវស្របទៅតាមអាទិភាពរបស់ក្រសួង និងដើរតាមគោលនយោបាយជាតិដែលបានដាក់ចេញ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយក្រុមការងារសហភាពអឺរ៉ុប (EU) អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម នាទីស្តីការក្រសួងកសិកម្ម កាលពីចុងសប្តាហ៍កន្លងទៅ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងរបស់ក្រុមការងារសហភាពអឺរ៉ុប ដែលរួមចំណែកក្នុងការលើកកម្ពស់កសិ-ពាណិជ្ជកម្មបៃតង និងតម្លៃបន្ថែមលើផលិតផលកសិកម្ម ដើម្បីផ្តល់ផលចំណេញដល់កសិករខ្នាតតូច ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីអភិវឌ្ឍទាំងអស់ទាមទារឱ្យមានកិច្ចសហការ និងសិក្សាឱ្យបានច្បាស់លាស់ និងជាពិសេស ត្រូវស្របទៅតាមអាទិភាពរបស់ក្រសួង និងដើរតាមគោលនយោបាយជាតិដែលបានដាក់ចេញ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកបញ្ជាក់បន្ថែមអំពីគោលនយោបាយសហគមន៍កសិកម្មថ្មី ដែលទើបបានប្រកាសជាផ្លូវការដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ហើយដែលកំពុងត្រូវការកិច្ចសហការ និងការគាំទ្របន្ថែមពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធដទៃទៀត។

តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងធនធានធម្មជាតិនៅកម្ពុជា៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner