វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ ឯកភាពគ្នាថា សភាទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិក គួរតែដើរតួនាទីឱ្យកាន់តែសកម្ម

ភ្នំពេញ៖ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31)​ នា​ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន​ បានឯកភាពគ្នាថា សភាទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិក គួរតែដើរតួនាទីឱ្យកាន់តែសកម្ម និងសំខាន់ឡើង នៅក្នុងវិស័យ​ការទូតសភា ដោយមានការយោគយល់ និងគោរពគ្នាទៅវិញទៅមក។

នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២៣​ ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31) នៅទីក្រុងម៉ានីល សាធារ​ណរដ្ឋហ្វីលីពីន ដែល​បានប្រព្រឹត្តិឡើងកាល​ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

​ឯកឧត្តម ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានដឹកនាំគណៈប្រតិភូ​កម្ពុជា​ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ ក្រោម មូលបទ «ភាពជាដៃគូមានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្ដរភាព» នេះ តាមការ​​អញ្ជើញ របស់លោក Juan Miguel ប្រធានព្រឹទ្ធសភា និងលោក Ferdinand Martin Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន។​

​សេចក្តីប្រកាសព័ត៌មាន​បាន​លើកឡើងថា នាវេទិកា សភាកម្ពុជាបានសហការស្នើឡើងនូវសេចក្តីព្រាងសេច​ក្តីសម្រេចចំនួន៥ ដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការក្នុងតំបន់អា​​ស៊ី​-ប៉ាស៊ីហ្វិក និងសមាជិក សភាជាស្ត្រី។ អង្គវេទិកាក៏​បានអំពាវនាវឱ្យជួយជម្រុញសូមឱ្យមានតំណាងរាស្ត្រស្ដីឱ្យបានច្រើន ហើយថែមទាំងបានសម្រេចឱ្យបង្កើតគណៈកម្មការសភាវ័យក្មេងមួយ ស្មើមុខស្មើមាត់ដូចគណៈកម្មការដទៃទៀតរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។

សេចក្តីប្រកាសបន្តថា ៖ «វេទិកាទាំងមូលសុទ្ធតែឯកភាពគ្នាថា សភាទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិក គួរតែដើរតួនាទីឱ្យកាន់តែសកម្ម និងសំខាន់ឡើង នៅក្នុងវិស័យការទូតសភា ដោយមានការយោគយល់ និងគោរពគ្នាទៅវិញទៅមក ដើម្បីរួមចំណែក ថែរក្សាសន្តិសុខ និងបង្កើតច្បាប់ដែលជួយជម្រុញដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ចនៅក្នុងតំបន់»​។

សូម​បញ្ជាក់ថា សិទ្ធិនៃការប្រើប្រាស់លំហសមុទ្រ និងសន្តិសុខនៅឧបទ្វីបកូរ៉េ គឺជាប្រធានបទក្តៅគគុកពីរដែលនាំឱ្យមានការជជែក ពិភាក្សាគ្នាយ៉ាងផុសផុល ប៉ុន្តែនៅទីបញ្ចប់ តំណាងសភាពាក់ព័ន្ធបានឈានទៅដល់ចំណុចរួមមួយ ដែលធ្វើឱ្យវេទិកាទាំងមូលអាចអនុម័តសេចក្តីសម្រេចទាំង១០បាន។

​លោក Ferdinand Martin Romualdez ​ប្រធានសភាហ្វីលីពីន ក៏​បានអំពាវនាវផងដែរ​ថា ថ្វីត្បិត ដំណើរអភិវឌ្ឍន៍របស់ប្រទេសជាសមាជិក APPF មានល្បឿនមិនដូចគ្នា ប៉ុន្តែសូមចងចាំថា សមាជិក APPF មា​ន គោលដៅដូចគ្នា និងមានអនាគតរួមគ្នា៕

ប្រែសម្រួល៖នាង សុគន្ធា

ads banner