ហាម៉ាសបន្តដោះលែងចំណាប់ខ្មាំង ខណៈរយៈពេលនៃបទឈប់បាញ់ត្រូវបានបន្ថែម
ហ្គាហ្សា៖ ការដោះដូរចំណាប់ខ្មាំង និងអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនកំពុងបន្តដំណើរការ។ រីឯបទឈប់បាញ់ លើកដំបូង ដែលមានរយៈពេល៤ថ្ងៃនោះ គ្រោងនឹងពន្យាពេល ២ថ្ងៃបន្ថែមទៀត។
យោធាអ៊ីស្រាអែលបាននិយាយថា កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ចំណាប់ខ្មាំង១១នាក់បន្ថែមទៀត ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ តាមរយៈសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបានអះអាងទៀតថា ចំណាប់ខ្មាំងទាំងនោះ ត្រូវបានពួកហាម៉ាសប្រគល់ជូន ទៅអង្គការកាកបាទក្រហម ដោយផ្ទាល់។
ប្រទេសកាតាបានឲ្យដឹងថា ជនជាតិបារាំង អាល្លឺម៉ង់ និងអាហ្សង់ទីន ស្ថិតក្នុងចំណោមចំណាប់ខ្មាំង ទាំង១១ នាក់ ។ រីឯចំនួនជនជាតិអ៊ីស្រាអែលដែលត្រូវបានដោះលែង បានកើនដល់៥០នាក់ហើយ។
យោងតាមប្រទេសកាតា ដែលជាតួអង្គសំខាន់ក្នុងកិច្ចចរចា បានឲ្យដឹងដែរថា អ៊ីស្រាអែលបានយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន ៣៣ នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ សប្តាហ៍នេះ។ គេដឹងថា អ៊ីស្រាអែលត្រូវដោះលែងអ្នកទោសប៉ាឡេស្ទីន ចំនួន១១៧នាក់ ក្នុងរយៈពេលបីថ្ងៃដំបូង នៃកិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា ថ្មីៗនេះ ជនបរទេស ១៩ នាក់ផ្សេងទៀត ដែលភាគច្រើនជាជនជាតិថៃ ក៏ត្រូវបានពួកហាម៉ាសដោះលែង ឲ្យមានសេរីភាពវិញ ក្រោមការរៀបចំ ដាច់ដោយឡែក ផ្សេងៗទៀតផងដែរ។
ជាមួយគ្នានេះ បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលមានរយៈពេល ៤ថ្ងៃដំបូង គ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារ សប្តាហ៍នេះ ប៉ុន្តែត្រូវបានបន្តពន្យាពេល ៤៨ ម៉ោងបន្ថែមទៀត នេះបើយោងតាមភាគីប្រទេសកាតា។
គួររម្លឹកថា ជនជាតិអ៊ីស្រាអែល និងជនបរទេសប្រមាណ២៤០នាក់ត្រូវបានចាប់ពង្រត់ អំឡុងការវាយប្រហាររបស់ពួកហាម៉ាស នៅទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ក្នុងពេលធ្វើប្រតិបត្តិការសងសឹកវិញ អ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីន ជាង១០០នាក់ ដែលគេចាត់ទុកថា ជាបណ្តាញក្រុមហាម៉ាស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

