ថៃជំរុញពាណិជ្ជកម្មតាមព្រំដែនជាមួយម៉ាឡេស៊ី
ថៃ៖ នាយករដ្ឋមន្ត្រីថៃ និងម៉ាឡេស៊ី បានព្រមព្រៀងពង្រឹង ទំនាក់ទំនងរបស់ពួកគេ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតទៅលើវិស័យ ជាច្រើន រួមទាំងពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។ ការឈានដល់កិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅក្នុងអំឡុងពេលនៃកិច្ច ប្រជុំ រវាងនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់គយថ្មី ឈ្មោះថា សាដាវ (Sadao) ក្នុងខេត្តសុងក្លា (Songkhla)។
សូមជម្រាបដែរថា ជំនួបនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស្រេតថា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១១ ខែតុលាកន្លងទៅ ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍន៍នៅតំបន់ព្រំដែនរួមគ្នា។ ក្នុងជំនួបនេះ ក៏មានមន្ត្រីជាន់ខ្ពស់ចូលរួមផងដែរ រួមមានរដ្ឋមន្ត្រីទេសចរណ៍និងកីឡារបស់ថៃ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ថៃ រដ្ឋមន្ត្រីក្រសួងការងាររបស់ម៉ាឡេស៊ី និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ម៉ាឡេស៊ី។
ប្រទេសទាំងពីរបានបង្ហាញពីភាពខ្នះខ្នែងក្នុងការជំរុញការអភិវឌ្ឍព្រំដែនរួមគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។
លោក ស្រេតថា បានស្នើឱ្យមានផែនការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ និងបានស្នើឱ្យម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនៅថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម។
លោកបានជំរុញឱ្យម៉ាឡេស៊ីពន្លឿនកិច្ចព្រមព្រៀងលើការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងស្នើឱ្យមានការសហការកាន់តែជិតស្និទ្ធរវាងធុរជនក្នុងស្រុក ដើម្បីបង្កើនពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍតាមព្រំដែន។ កិច្ចព្រមព្រៀងស្ដីពីការជំរុញទេសចរណ៍រវាងប្រទេសថៃ និងម៉ាឡេស៊ី នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរម៉ាឡេស៊ីមិនចាំបាច់បំពេញទម្រង់បែបបទមួយចំនួននៅច្រក សាដាវ រហូតដល់ខែមេសា ឆ្នាំ២០២៤។ លើសពីនេះ ប្រទេសថៃមានបំណងបង្កើតនាយកដ្ឋានមួយនៅក្នុងក្រសួងឧស្សាហកម្ម ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយផលិតផលអាហារ ហាឡាល់ របស់ខ្លួនទៀតផង។
ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការដោះស្រាយបញ្ហារត់ពន្ធសត្វព្រៃ ដោយពួកគេនឹងពិនិត្យមើលសេចក្តីព្រាងនៃកិច្ច ព្រមព្រៀង ស្ដីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃនៅខែកុម្ភៈ ឆ្នាំក្រោយ។ បន្ថែមលើនេះ ពួកគេក៏បានព្រមព្រៀងគ្នាពន្លឿនការកសាងគម្រោងផ្លូវតភ្ជាប់ច្រកសាដាវ និងប៊ូគិតកាយូ ហ៊ីតាំ (Bukit Kayu Hitam) និងគម្រោងស្ពានតភ្ជាប់តំបន់ស៊ុនហ្កាយ កូឡុក (Sungai Kolok) ក្នុងខេត្តណារ៉ាធីវ៉ាត (Narathiwat) ទៅតំបន់រ៉ាន់តាវ ប៉ាន់ចាង (Rantau Panjang) ក្នុងខេត្តកេឡាតាន់ (Kelantan) ដើម្បីបង្កើនពាណិជ្ជកម្ម និងការធ្វើដំណើរកាន់តែងាយស្រួល។
បន្ទាប់ពីកិច្ចប្រជុំ លោក ស្រេតថា បានលើកឡើងនៅលើបណ្ដាញសង្គម X ថា ប្រទេសទាំងពីរមានគោលបំណងបង្កើនពាណិជ្ជកម្ម ទ្វេភាគីឱ្យបានដល់ ៣០ លានដុល្លារអាមេរិក នៅឆ្នាំ២០២៥។
លោកបានបន្ថែមថា ការបញ្ចប់គម្រោងផ្លូវ និងស្ពាននឹងអាចបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍បន្ថែមទៀត។ គួរដឹងដែរថា ក្នុងឆ្នាំ២០២៣ ប៉ុស្តិ៍ត្រួតពិនិត្យថៃ បានប្រមូលប្រាក់ចំណូលបានចំនួនប្រមាណ ២២០ លានដុល្លារសហរដ្ឋអាមេរិក និងទំហំពាណិជ្ជកម្មមានតម្លៃប្រមាណជាង ១២ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក មនុស្សជាង ៥ លាននាក់ និងរថយន្តដឹកទំនិញចំនួនជាង ៦៥ ម៉ឺនគ្រឿងបានឆ្លងកាត់ រាប់ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែកញ្ញា។
បន្ថែមលើនេះ លោក ស្រេតថា ក៏បានបង្កើត «ក្រុមសន្ទនាសន្តិភាព» ដឹកនាំដោយលោក ឆាឆៃ បាងឆួត (Chatchai Bangchuad) អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីត្រួតពិនិត្យដំណើរទាំងនេះ។ ក្នុងនោះ ក៏មានគណៈកម្មាការដែលមានសមាជិកមកពីស្ថាប័នផ្សេងៗដូចជា មជ្ឈមណ្ឌលរដ្ឋបាលខេត្តព្រំដែនភាគខាងត្បូង ក្រសួងការបរទេស ក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាសន្តិសុខជាតិ និងទីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងភូមិភាគទី៤៕
ដោយ ៖ ធា សុណា
CPA
ប្រភពព័ត៌មាន៖ Bangkok Post
Border trade to get boost
https://www.bangkokpost.com/thailand/politics/2693374/border-trade-to-get-boost