អ្នកជំនាញ៖ គុនល្បុក្កតោខ្មែរ កាន់តែវិវត្តខ្លាំង ក្រោយចូល បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកជំនាញផ្នែកប្រវត្តិសាស្រ្តនៅកម្ពុជា យល់ឃើញថា រយៈពេល១ឆ្នាំ ក្រោយការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៣) ឃើញថា គុនល្បុក្កតោខ្មែរ កាន់តែលេចធ្លោ និងកំពុងស្ថិតក្នុងដំណើរវិវត្តខ្លាំង។

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយលោកបានចាត់ទុកថា ការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជាជោគជ័យមួយ និងជាមោទនភាពជាតិថ្មីមួយទៀត និងបានបង្ហាញថា កម្ពុជា បានប្រឹងប្រែងលើកស្ទួយសម្បត្តិវប្បធម៌ជាតិ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគ្រប់ភាពគីពាក់ព័ន្ធ។

លោកបានបន្តថា ៖ «រយៈពេល១ឆ្នាំនៃការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ យើងដឹងថា គុនល្បុក្កតោ បានលេចធ្លោឡើង បានកើតឡើងក្នុងដំណើរវិវត្តន៍មួយយ៉ាងខ្លាំង ហើយខ្ញុំពិតជារំភើបនៅពេលដែលឃើញថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធរួមគ្នាអបអរចំពោះ សម្បត្តិបេតិកភណ្ឌវប្បធម៌មួយនេះ ដែលបង្ហាញពីមិត្តភាពថ្មី និងសាមគ្គីភាព ដែលនាំឱ្យសង្គមជាតិមានការឱ្យតម្លៃគ្នាទៅវិញទៅមក»។

បន្ថែមពីនេះ លោក សំបូរ មាណ្ណារ៉ា បានបន្តថា តាមរយៈភស្តុតាងស្រាវជ្រាវប្រវត្តិសាស្ត្រ គុនល្បុក្កតោ បានឆ្លាក់នៅលើជញ្ចាំងប្រាសាទនានា ជាពិសេស នៅប្រាសាទអង្គវត្ត ហេតុនេះតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិមួយនេះ បានបង្ហាញថា គុនល្បុក្កតោ មានប្រវត្តិតាំងពីសម័យបុរាណ និងតាំងពីសម័យអង្គរមកម្ល៉េះ។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរដដែល បានជំរុញឱ្យយុវជនដែលជាអ្នកបន្តវេន គួរតែបង្កើនការខិតខំរៀនសូត្រ និងរួមគ្នាសិក្សាឈ្វេងយល់ពីគុនល្បុក្កតោឱ្យកាន់តែទូលាយ និងស៊ីជម្រៅថែមទៀត ព្រោះថា គុនល្បុក្កតោ គឺការជាការបង្កើតបាននូវក្បាច់យុទ្ធសាស្រ្តសម្រាប់ឱ្យយុវវ័យយកចិត្តទុកដាក់គិត ហើយបង្ហាញពីភាពស្វាហាប់នៃការហាត់កីឡា និងភាពរៀងវៃនៃការប្រើបញ្ញាក៏កើតចេញពីគុនល្បុក្កតោនេះដែរ។

លោក សំបូរ មាណ្ណារ៉ា ក៏បានសង្កត់ធ្ងន់ទៀតថា ៖ «ក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវប្រវត្ថិសាស្រ្ត សូមអំពាវនាវឱ្យយុវជនយុវនារីខ្មែរទាំងអស់ ចូលរួមបន្តយកចិត្តទុកដាក់ពីថា គុនល្បុក្កតោនេះ ដើម្បីពង្រឹងនៃតម្លៃជាតិរបស់យើង ក្នុងឋានៈជាអ្នកបន្តវេន»។

សូមរម្លឹកដែរថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្តីសម្រេច 17.COM7.b.1។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានបង្ហាញឱ្យដឹងដែរថា គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។

ជាក់ស្តែង ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់ពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោ តៗគ្នាពីជំនាន់មួយទៅជំនាន់មួយដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួន ពីសត្វសាហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិ និងមាតុភូមិផង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ៖ «ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ និងក្បាច់គុនល្បុក្កតោកម្ពុជា ត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ»។

នាឱកាស ខួប១ ឆ្នាំ នេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត និងស្ថាប័នជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ ក៏បានបង្ហោះសារតាមរយៈទំព័រហ្វេប៊ុកផ្លូវការរបស់ខ្លួន ដើម្បីអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលក្បាច់គុននេះផងដែរ។

ការចុះបញ្ជីនេះ មិនត្រឹមតែជួយឱ្យព្រលឹងជាតិខ្មែរល្បីរន្ទឺរនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែថែមទាំងជួយដល់សេដ្ឋកិច្ចសង្គមទៀតផង ខណៈភាគីពាក់ព័ន្ធក៏បានជំរុញឱ្យរួមគ្នាអភិរក្ស និងថែរក្សាសម្បត្ថិវប្បធម៌ជាតិមួយនេះឱ្យបានគង់វង្ស ខណៈកិច្ចការពារ បេតិកភណ្ឌវប្បធម៌ជាភារកិច្ចកូនខ្មែរគ្រប់ៗរូប៕

ដោយ ៖ បូរ ពេជ្រហ្សាលីន

CPA

ads banner