អេមីរ៉ាត អារ៉ាប់រួម ចាប់ផ្តើមមូលនិធិវិនិយោគអាកាសធាតុថ្មី ៣០ពាន់លានដុល្លារ នៅCOP28

ឌូបៃ៖ ប្រទេសអេមីរ៉ាត អារ៉ាប់រួម បានប្រកាសចាប់ផ្តើមមូលនិធិវិនិយោគអាកាសធាតុថ្មី ដែលមានទំហំទឹកប្រាក់ចំនួន ៣០ពាន់លានដុល្លារអាមេរិក ដើម្បីចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ អំឡុងកិច្ចប្រជុំកំពូល COP28។

ប្រធានាធិបតីនៃប្រទេស អេមីរ៉ាតអារ៉ាប់រួម លោក Mohammed ben Zayed បានប្រកាសពីការបង្កើតមូលនិធិឯកជនថ្មីមួយ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក ដែលមានទំហំទឹកប្រាក់ ៣០ពាន់លានដុល្លារមេរិក។

លោកប្រធានាធិបតីបានប្រកាសពីការចាប់ផ្តើមមូលនិធិនេះ ក្នុងពេលដែលលោកប្រកាសបើកកិច្ចប្រជុំកំពូល នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ហៅកាត់ថា COP28 កាលពីថ្ងៃទី១ ខែធ្នូ។

លោក Mohammed ben Zayed បានរៀបរាប់ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសអំពីការបង្កើតមូលនិធិ ចំនួន ៣០ ពាន់លានដុល្លារសម្រាប់ដំណោះស្រាយបញ្ហាអាកាសធាតុពិភពលោក»។

ប្រធាន COP28 លោក Sultan Al Jaber ដែលជាប្រធានក្រុមហ៊ុនប្រេងជាតិរបស់ ប្រទេសអេមីរ៉ាត អារ៉ាប់រួម ADNOC នឹងត្រូវធ្វើជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិថ្មីនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ប្រភពបានឲ្យដឹងដែរថា មូលនិធិថ្មីនេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិឆ្ពោះទៅមុខ ដើម្បីបង្កើតប្រព័ន្ធហិរញ្ញវត្ថុអាកាសធាតុ ដែលមានភាពយុត្តិធម៌ ដោយសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានមូលនិធិ សម្រាប់ពិភពលោកខាងត្បូង។

គួរបញ្ជាក់ថា មេដឹកនាំពិភពលោក និងមន្ត្រីជាន់ខ្ពស់បានទៅជួបប្រជុំគ្នា នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដើម្បីចូលរួមសន្និសីទ COP28 ក្រោមសម្ពាធឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់កម្រិតនៃការឡើងកំដៅផែនដី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner