ចំណាប់ខ្មាំងថៃរៀបរាប់អំពីស្ថានភាពមុន និងក្រោយពេលត្រូវបានដោះលែង ពីហ្គាហ្សា

បាងកក ៖ ក្រុមចំណាប់ខ្មាំងថៃដែលទើបត្រូវបានដោះលែង បន្ទាប់ពីត្រូវបានពួកហាម៉ាស់ចាប់ឃុំខ្លួន ជាច្រើនសប្តាហ៍ នៅតំបន់ ហ្គាហ្សា ស្ទ្រីប បាននិយាយរៀបរាប់អំពីអារម្មណ៍ធូរស្រាលចិត្ត នៅពេលបានត្រឡប់ទៅដល់ទីក្រុងបាងកកវិញ។ ពួកគេត្រូវបានសាច់ញាតិទទួលស្វាគមន៍ ក្នុងបរិយាកាសសប្បាយ និងរំភើបជាខ្លាំង។

ជនជាតិថៃ ចំនួន១៧នាក់បានភៀសខ្លួនចេញពីប្រទេសអ៊ីស្រាអែល ទៅដល់ប្រទេសកំណើតវិញ កាលពីថ្ងៃពុធ សប្តាហ៍នេះ បន្ទាប់ពីក្រសួងការបរទេសថៃ និងក្រុមឥស្លាមថៃបានធ្វើការចរចា ដើម្បីដោះលែងពួកគេ ចេញផុតពីតំបន់ហ្គាហ្សាគ្រប់គ្រងដោយពួកហាម៉ាស ឲ្យមានសេរីភាពឡើងវិញ។

រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានអញ្ជើញទៅស្វាគមន៍ផ្ទាល់ ចំពោះជើងយន្តហោះ ដឹកជញ្ជូនក្រុមចំណាប់ខ្មាំងជនជាតិថៃ ទាំងនោះ នៅឯអាកាសយានដ្ឋានសុវណ្ណភូមិ។

លោក Uthai Sangnual អតីតចំណាប់ខ្មាំង ដែលទើបមានសេរីភាពវិញ បានប្រាប់ឲ្យដឹងថា «ខ្ញុំមានស្មារតីល្អ ជាងពេលមុន… ប៉ុន្តែខ្ញុំមិនដឹងថា ចំណាប់ខ្មាំងផ្សេងទៀត យ៉ាងណានោះទេ»។

យ៉ាងណាមិញ លោកបានបន្តទៀតថា ពួកហាម៉ាសមិនបានធ្វើបានពួកគេទេ ហើយបានមើលថែទាំពួកគេទៀតផង។

ជាមួយគ្នានេះ អតីតចំណាប់ខ្មាំងម្នាក់ទៀត លោក Pornsawan Pinakalo ដែលធ្វើការនៅចម្ការដំឡូង នៅប្រទេសអ៊ីស្រាអែល បាននិយាយប្រាប់ផងដែរថា «វានឹងប្រសើរជាងនេះ ប្រសិនបើមិត្តភក្តិរបស់យើងទាំងអស់ អាចត្រលប់មកវិញដែរ»។

លោកបានបន្តថា «ពេលខ្ញុំនៅទីនោះ ខ្ញុំបានព្យាយាមមិនគិតច្រើន អំពីអ្វីដែលអាចនឹងកើតឡើង ទៅថ្ងៃមុខទេ ព្រោះខ្ញុំ គិតទាំងអស់សង្ឃឹម ថា ខ្ញុំនឹងមិនបានជួបគ្រួសារខ្ញុំ ទៀតទេ»។

សូមបញ្ជាក់ថា ជនជាតិថៃ យ៉ាងហោចណាស់ ចំនួន៣២ នាក់ត្រូវបានចាប់ពង្រត់ ដោយពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី ៧ ខែតុលា។ ពួកគេស្ថិតក្នុងចំណោមចំណាប់ខ្មាំង ប្រមាណ២៤០នាក់ ដែលមានជាតិសាសន៍ចម្រុះ។ យ៉ាងណាមិញ ចំណាប់ខ្មាំងទាំងនេះត្រូវបានដោះលែងវិញខ្លះៗ ដោះដូរនឹងបទឈប់បាញ់ នាពេលថ្មីៗនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner