ក្រុមសកម្មប្រយុទ្ធបើកការវាយប្រហារលើឡានក្រុងភាគខាងជើងប៉ាគីស្ថាន សម្លាប់មនុស្សជិត ១០ នាក់

អ៊ីស្លាម៉ាបាដ៖ ប៉ូលិសក្នុងតំបន់បាននិយាយថា ក្រុមសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារទៅលើរថយន្តក្រុងមួយពេលកំពុងធ្វើដំណើរភាគខាងជើងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ រួមទាំងទាហានពីរនាក់ផងដែរ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។

មន្ត្រីប៉ូលិស លោក Azmat Shah បាននិយាយថា ការបាញ់ប្រហារបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងតំបន់ Chilas នៃតំបន់ភាគខាងជើង Gilgit Baltistan ដោយឡានក្រុងរងគ្រោះ កំពុងដឹកអ្នកដំណើរពីក្រុង Gilgit ឆ្ពោះទៅក្រុង Rawalpindi ។ លោកបន្តថា អ្នកបើកបរបានជ្រុលចង្កូតពេលក្រុមសកម្មភាពបើកការបាញ់រះ ហើយទៅបុកនឹងឡានកុងតឺន័រមួយ ដែលបណ្ដាលឱ្យមានការឆាបឆេះ ហើយសម្លាប់តៃកុងទាំង២ឡាន។

ក្រៅពីអ្នកស្លាប់ មនុស្សយ៉ាងហោចណាស់ ២៦ នាក់ បានរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្នុងហេតុការណ៍នេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំបន់ Gilgit Baltistan លោក Shams Lone បានប្រាប់អ្នកសារព័ត៌មានថា វាគឺជា «អំពើភេរវកម្ម» ហើយបាននិយាយថា ទាហានពីរនាក់មកពីកងទ័ពប៉ាគីស្ថាន ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់។

ចំណែកឯប្រមុខតំបន់ Gilgit Baltistan លោក Gulbar Khan បាននិយាយថា ក្រុមស៊ើបអង្កេតពិសេសមួយ ត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតបញ្ហានេះ។ លោកបន្តថា ភ្នាក់ងារអនុវត្តច្បាប់ បានទទួលបញ្ជាឱ្យកំណត់មុខសញ្ញា និងចាប់ខ្លួនជនល្មើស។

មកទល់ពេលនេះ គេមិនទាន់ឃើញក្រុមសកម្មប្រយុទ្ធណាមួយក្នុងប្រទេសប៉ាគីស្ថាន ចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈក្រុមតាលីបង់ប៉ាគីស្ថាន ច្រានចោលការពាក់ព័ន្ធណាមួយជុំវិញហេតុការណ៍នេះ។

គួរបញ្ជាក់ថា ការវាយប្រហារភេរវកម្មក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយក្រុមតាលីបង់ វិលត្រឡប់មកកាន់អំណាចលើប្រទេសជិតខាងអាហ្វហ្គានីស្ថានវិញ។ ប៉ាគីស្ថានចោទថា តាលីបង់អាហ្វហ្គានីស្ថានផ្ដល់ដីជ្រកដល់ក្រុមជ្រុលនិយម ដើម្បីឱ្យធ្វើការវាយប្រហារខ្លួន ជាអ្វីដែលក្រុមតាលីបង់ច្រានចោល៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner