ស៊ុតមាន់ និងស៊ុតក្រួចជាងមួយម៉ឺនគ្រាប់ដឹកពីប្រទេសវៀតណាមដោយគ្មានលិខិតអនុញ្ញាត ត្រូវបានអាជ្ញាធរបង្រ្កាប

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្ក្រាបរថយន្តមួយគ្រឿងដែលដឹកស៊ុតសត្វមាន់ និងស៊ុតសត្វក្រួចចំនួនជាង ១០ ០០០គ្រាប់ពីប្រទេសវៀតណាមតាមច្រកស្វាយអាង៉ោង ខេត្តព្រៃវែង ចូលមកលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាត។

លោក ហ៊ុន សារ៉ាត់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ ខែធ្នូថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានឃាត់ចាប់រថយន្ត ១គ្រឿង បានដឹកស៊ុតសត្វមាន់ចំនួន ៥ម៉ឺនគ្រាប់ និងស៊ុតសត្វគ្រួចចំនួន ៧ម៉ឺនគ្រាប់ ចេញមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ រថយន្តដែលដឹកស៊ុតសត្វទាំងនោះ ត្រូវបានក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ ឃាត់ចាប់រថយន្តនេះ នៅលើផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមលោក ហ៊ុន សារ៉ាត់ បញ្ជាក់ថា ៖ «វត្ថុតាង និងបទល្មើសនេះ ត្រូវបានក្រុមការងារនាំយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់»។

ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូ ថា សម្រាប់ប្រទេសកម្ពុជា សព្វថ្ងៃនេះ ទាំងការផ្គត់ផ្គង់សត្វមាន់ និងការផ្គត់ផ្គង់ស៊ុតសត្វមាន់ផងដែរ គឺមិនចាំបាច់ត្រូវការនាំចូលពីប្រទេសជិតខាងនោះទេ ដោយសារអ្នកចិញ្ចឹមសត្វនៅក្នុងស្រុកអាចផលិតបានគ្រប់គ្រាន់នូវតម្រូវការទីផ្សារក្នុងស្រុក។

លោកបន្តថា ក្រៅពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ហើយ អ្នកចិញ្ចឹមសត្វក៏ផលិតបានសម្រាប់ផ្តត់ផ្គង់ទីផ្សារនៅក្រៅស្រុកបានផងដែរ។

លោកបានថ្លែងថា ៖ «កាលណាយើងចិញ្ចឹមបាន ផលិតក៏បានដែរ ហើយបើមានគេនាំចូលមកស្រុកយើង ផ្ទះយើងអញ្ចឹង វាមានបញ្ហា និងប៉ះពាល់ដល់ការចិញ្ចឹមហើយ ទោះបីជាចំនួននោះតិចតួចក្ដីក៏ដោយ»។

បើតាមលោក ស្រ៊ុន ពៅ បើទោះបីទំហំនៃការនាំចូលស៊ុតសត្វទាំងនេះ មានចំនួនតិចក្ដី ច្រើនក្ដី ប៉ុន្តែប្រសិនជាស៊ុតសត្វទាំងនោះត្រូវបានលក់ និងចែកចាយ វាមិនត្រឹមតែបង្កគ្រោះថ្នាក់សម្រាប់អ្នកបរិភោគនោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ទៅដល់អ្នកចិញ្ចឹមក្នុងប្រទេសដែរ។ ជាពិសេសការនាំចូលមកដោយគ្មានលិខិតស្នាម ឬលិខិតអនុញ្ញាត និងការត្រួតពិនិត្យ វាកាន់តែមានផលប៉ះពាល់ខ្លាំងទៅដល់អ្នកទិញយកទៅបរិភោគ។

សូមបញ្ជាក់ថា គិតចាប់ពីខែសីហា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្ក្រាបរថយន្តដឹកស៊ុតសត្វមាន់ សត្វទា និងស៊ុតសត្វគ្រួច សរុបចំនួន ៥ករណី ក្នុងនោះមានស៊ុតសត្វមាន់ចំនួន ១១២ ០០០គ្រាប់ ស៊ុតសត្វទាចំនួន ៦៦ ៩០០គ្រាប់ និងស៊ុតសត្វគ្រួចចំនួន ១០០ ០០០គ្រាប់។ រថយន្តដែលដឹកស៊ុតសត្វទាំងនោះ ភាគច្រើននាំមកពីប្រទេសរៀតណាម តាមច្រកព្រំដែនក្នុងខេត្តព្រៃវែង តាកែវ និងខេត្តត្បូងឃ្មុំ៕ ដោយ៖ ជា សុខនី

ads banner