រដ្ឋលេខាធិការ៖ កម្ពុជារំពឹងទីផ្សារអង្ករថ្មីៗបន្ថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន ក្រៅពីទីផ្សារចិន និងសហភាពអឺរ៉ុប ដែលជាទីផ្សារអង្ករដ៏ធំរបស់កម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម កំពុងក្លាយជាទីផ្សារសក្តានុពលផងដែរ ខណៈនាពេលខាងអ៊ីរ៉ាក់ក៏ក្លាយជាទីផ្សារគោលដៅក្នុងការនាំអង្ករចេញរបស់កម្ពុជា។

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា បច្ចុប្បន្ននេះ បើយោងទៅតាមគេហទំព័រ Statista ដែលជាវេទិកាទិន្នន័យសកល ស្តីពីស្ថិតិរបាយការណ៍នៅទូទាំងពិភពលោកទាក់ទងនឹងវិស័យផ្សេងៗបានបង្ហាញថាប្រទេសដែលនាំអង្ករចូលច្រើនជាងគេនៅលើពិភពលោកទី១ ប្រទេសចិន, ទី២.ហ្វីលីពីន, ទី៣. សហភាពអឺរ៉ុប, ទី៤. អ៊ីរ៉ាក់, ទី៥. នីហ្សេរីយា, ទី៦. ឥណ្ឌូនេស៊ី និងទី៧. ប្រទេសវៀតណាម។ក្នុងចំណោមទីផ្សារទាំងនេះ ទីផ្សារចិន និងអឺរ៉ុប គឺកម្ពុជាចាប់បានហើយ នៅឡើយទីផ្សារមួយចំនួនទៀត ខណៈដែលឥណ្ឌូនេស៊ី និងហ្វីលីពីន ជាទីផ្សារដ៏មានសក្តានុពល ដែលកម្ពុជា បាននិងកំពុងចាប់ផ្តើមការនាំចេញជាបណ្តើរៗ។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះយើងកំពុងធ្វើទីផ្សារនៅហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយអ៊ីរ៉ាក់ក៏អាចក្លាយជាទីផ្សាររបស់យើងនាពេលខាងមុខផងដែរ។ ដោយឡែកបើយើងក្រឡេកមើលពីប្រទេសដែលនាំអង្ករចេញច្រើនជាងគេលើពិភពលោកវិញ ឃើញថាឥណ្ឌាជាប្រទេសនាំអង្ករចេញច្រើនជាងគេនៅលើពិភពលោក ហើយថៃនាំចេញលេខ២ វៀតណាមលេខ ៣ ខណៈប្រទេសកម្ពុជាយើងលេខរៀងទី៨ ហើយនៅមានសក្តានុពលក្លាយជាលេខរៀងទី៥ នៅពេលខាងមុខ»។វៀតណាម ជាប់ចំណាត់លេខ៧ក្នុងការនាំអង្ករចូល ខណៈវៀតណាម ក៏ជាប់លេខ៣ដែរ ក្នុងនាមជាប្រទេសនាំអង្ករចេញ ដោយសារប្រទេសនេះក៏ជាប្រទេសនាំស្រូវចូលច្រើនដែរពីកម្ពុជា ដោយនាំចូលក្នុងចន្លោះ៣ទៅ៤លានតោនក្នុងមួយឆ្នាំ»។

ឯកឧត្តម យ៉ង សាំងកុមារ បានបន្តថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករឱ្យបានមួយលានតោនក្នុងមួយឆ្នាំ និងក្លាយជាប្រទេសនាំចេញអង្ករច្រើនជាងគេលំដាប់ទី៥នាពេលខាងមុខ ក្រសួងកសិកម្ម បាននិងកំពុងដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនជាពិសេសគោលនយោបាយទី៥នីងទី៦ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន, គោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ជាដើម។

ឯកឧត្តមបានបញ្ជាក់ថា ៖ « យើងកំពុងបង្កើនការលើកទឹកចិត្តដល់កសិករក្នុងការដាំដុះពូជស្រូវសែនក្រអូបដោយប្រើពូជសុទ្ធដោយសារវាជាប្រភេទពូជស្រូវដែលរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកមានតម្រូវការច្រើន សម្រាប់ការផលិតអង្ករនាំចេញ និងតម្លៃមានស្ថេរភាពល្អជាងពូជស្រូវប្រាំងផ្សេងទៀត។ការប្រើពូជសុទ្ធ និងការអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ និងបច្ចេកទេសស្រែល្អក៏ជួយឱ្យស្រូវសែនក្រអូបទទួលបានផលខ្ពស់ផងដែរ»។

លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជា តែងជួយជ្រោមជ្រែងក្រសួងក្នុងការអនុវត្តគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសគោលនយោបាយកសិកម្ម ដែលជាគោលនយោបាយដ៏មានសារៈសំខាន់សម្រាប់វិស័យស្រូវអង្ករ។

លោកបានថ្លែងថា ៖ «សហព័ន្ធស្រូវអង្ករកម្ពុជាមិនដែលខកខាននោះទេ ក្នុងការជួយដល់រាជរដ្ឋាភិបាល ជំរុញការនាំចេញអង្ករទៅកានទីផ្សារអន្តរជាតិឱ្យទទួលបានជោគជ័យ។ កន្លងទៅយើងបានស្វះស្វែងរកទីផ្សារក្រៅប្រទេស តាមការចូលរួមតាំងពិព័រណ៍នៅតាមប្រទេសនានា និងព្យាយាមរកដៃគូនាំចេញ សម្រាប់ទីផ្សារថ្មី ដែលជានិច្ចកាលយើងតែងតែរំពឹងថា ពិភពលោកនឹងបានស្គាល់និងភ្លក់រសជាតិ អង្ករដ៏ឈ្ងុយឆ្ងាញ់របស់កម្ពុជា»។

របាយការណ៍ពីក្រសួងកសិកម្មបានបង្ហាញថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៣នេះ ការដាំដុះស្រូវសម្រេចបានជាង ៣,៦លានហិចតា និងទទួលបានទិន្នផល ៦,២ លានតោន ជាមួយនឹងការរំពឹងទុកថានឹងទទួលបានទិន្នផលជាង ៦,៣លានតោនបន្ថែមទៀត នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំនេះ។

ដោយឡែកក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចេញផលិតផលកសិកម្មនៅបន្តរក្សាបានតួលេខខ្ពស់ គឺជាង ៦,២លានតោន គិតជាទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារអាមេរិក ទៅកាន់ទិសដៅចំនួន ៧៤ប្រទេស។ ការនាំចេញអង្ករសម្រេចបានជាង ៥២ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៥៨លានដុល្លារ រួមទាំងការនាំចេញទៅប្រទេស ឥណ្ឌូនេស៊ីដែលជាគោលដៅថ្មី៕ ដោយ៖ វណ្ណ សុជាតា

ads banner