ខេត្តព្រះសីហនុ៖ យុទ្ធនាការឱ្យអ្នកនេសាទ មកចុះបញ្ជីជលយាន បានចំនួនជាង ៨០០ គ្រឿង
ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានឱ្យដឹងថា គិតមកដល់ពេលនេះ យុទ្ធនាការឱ្យអ្នកនេសាទមកចុះបញ្ជី និងឆៀកជលយានរបស់ខ្លួនបានចំនួនជាង ៨០០គ្រឿងហើយ ខណៈដែលនៅទូទាំងខេត្តព្រះសីហនុ មានទូកនេសាទសរុបចំនួនជាង ២ ០០០ គ្រឿង ស្ថិតនៅក្រុង-ស្រុកចំនួនបួន។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូថា ពាក់ព័ន្ធនឹងការចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយាន (ឆៀក) អាជ្ញាធរខេត្តបានរៀបចំបែងចែកចេញជាពីរដំណាក់កាល។ដំណាក់កាលទី១ ដែលចាប់ផ្តើមធ្វើមុនយុទ្ធនាការផ្លូវការចាប់ផ្តើម គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះបញ្ជីជលយានបានចំនួន ៤៨៨ គ្រឿង។ ចំណែកដំណាក់កាលទី២ ដែលបានចាប់ផ្តើមពីខែកញ្ញា រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរសាធារណការជាសេនាធិការ បានចុះធ្វើយុទ្ធនាការឱ្យអ្នកនេសាទ មកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយានរបស់ខ្លួន ដើម្បីទទួលបានការបញ្ចុះតម្លៃលើការបង់សេវាចំនួន ៥០ភាគរយ។ គិតពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានអ្នកនេសាទ មកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយាន បានចំនួន ៤០៣ ទូក។
លោកបានឱ្យដឹងទៀតថា ប្រជានេសាទ ដែលមកចុះបញ្ជីជលយាន និងត្រួតពិនិត្យបច្ចេកទេសជលយានរបស់ខ្លួន នឹងទទួលផលប្រយោជន៍ដូចជា ការប្រកបមុខរបរនេសាទរបស់ខ្លួននឹងមានភាពត្រឹមត្រូវតាមច្បាប់ ងាយស្រួលរកទីផ្សារ ហើយផលនេសាទ អាចនាំចេញទៅក្រៅប្រទេសជាដើម។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ៖ «ចាប់ពីដើមឆ្នាំ២០២៤ទៅ ប្រជានេសាទដែលមិនមានប័ណ្ណសម្គាល់ជលយាន និងសៀវភៅពិនិត្យបច្ចេកទេស នឹងប្រឈមវិធានការរដ្ឋបាលដូចជា ការផាកពិន័យ និងមិនអនុញ្ញាតឱ្យនេសាទលើលម្ហសមុទ្រនៃខេត្តព្រះសីហនុយើងឡើយ»។
លោក ឡុង ឌីម៉ង់ ក៏បានបន្តអំពាវនាវដល់ប្រជានេសាទទាំងអស់ក្នុងខេត្តព្រះសីហនុ រួសរាន់ និងប្រញាប់ប្រញាល់មកចុះបញ្ជី និងពិនិត្យបច្ចេកទេសជលយាន ដើម្បីទទួលបានការលើកទឹកចិត្ត អត្ថប្រយោជន៍ និងការការពារស្របច្បាប់ពីរដ្ឋបាលខេត្តព្រះសីហនុ។
ទាក់ទងនឹងការចុះបញ្ជីជលយាននេះ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងដែរថា អ្វីដែលអាជ្ញាធរខេត្តព្រះសីហនុ កំពុងតែធ្វើនេះ វាជាគោលដៅល្អ ពីព្រោះដើម្បីងាយស្រួលគ្រប់គ្រងទូកនេសាទរបស់កម្ពុជាថាមានចំនួនជាក់លាក់ប៉ុន្មានដែលកំពុងធ្វើការនេសាទនៅដែនសមុទ្ររបស់ខ្លួន។ ជាពិសេសងាយស្រួលក្នុងការបែងចែកកុំឱ្យច្រឡំជាមួយទូកនេសាទរបស់បរទេសដែលមានបំណងមកធ្វើការនេសាទក្នុងដែនសមុទ្ររបស់កម្ពុជា។
លោកថ្លែងថា ៖ «ដូច្នេះខ្ញុំមើលឃើញថា គោលដៅនៃការចុះបញ្ជីនេះ គឺធានាបាននូវសុខសន្តិភាពផង សុវត្ថិភាពផង រួមទាំងគ្រប់គ្រងចំនួន និងបរិមាណទូកនេសាទរបស់កម្ពុជាយើងផង។ នៅពេលយើងគ្រប់គ្រងបានហើយ វានឹងឈានដល់ការកំណត់បរិមាណនៃការនេសាទ ឬក៏ការបង់ពន្ធជាដើម ដែលរួមចំណែកជួយដល់សង្គមជាតិយើងតាមរយៈការប្រមូលជលផលក្នុងដែនសមុទ្រ»។
បើតាមលោក ហុង វណ្ណៈ ការរួមចំណែកបង់ពន្ធជូនរដ្ឋនេះ មិនមែនជាការដាក់បន្ទុកធ្ងន់ធ្ងរសម្រាប់ក្រុមអ្នកនេសាទនោះទេ ព្រោះមុននឹងអាជ្ញាធរសម្រេចបែបនេះ គឺមានរៀបចំគិតគូររួចរាល់ហើយសម្រាប់អ្នកនេសាទ ដែលធ្វើការនេសាទទៅតាមចំនួន និងបរិមាណនៃការទទួលបានផលនេសាទ ដោយមិនមែនចេះតែធ្វើការកៀបសង្កត់ឡើយ។
លោកបានបន្ថែមថា ហេតុនេះហើយក្រុមអ្នកនេសាទខ្លួនឯង ក៏ត្រូវតែរួមគ្នាកសាងបង្កើតជាសមាគមអ្នកនេសាទនៅតាមដែនសមុទ្រ ដើម្បីមានសិទ្ធិពេញលេញក្នុងការសំណូមពរទៅកាន់រាជរដ្ឋាភិបាលឱ្យជួយដោះស្រាយ និងឆ្លើយតប រាល់ពេលមានបញ្ហាប្រឈម ការកៀបសង្កត់អ្វីមួយកើតឡើង។
សូមបញ្ជាក់ដែរថា តាមការឱ្យដឹងពីលោក ឡុង ឌីម៉ង់ នៅទូទាំងខេត្តព្រះសីហនុមានទូកនេសាទសរុបចំនួន ២ ៥២៣គ្រឿង ស្ថិតនៅក្រុង-ស្រុកចំនួន៤ នៃភូមិសាស្រ្តខេត្តព្រះសីហនុ។ ក្នុងនោះក្រុងព្រះសីហនុមានចំនួន ៨០៦គ្រឿង ស្រុកស្ទឹងហាវចំនួន ៥៦៩គ្រឿង ស្រុកព្រៃនប់ចំនួន ៧៦៧គ្រឿង និងក្នុងតំបន់ ផ្សេងៗសរុបចំនួន ៣៨១គ្រឿង៕ ដោយ៖ ជា សុខនី