ហ្វីលីពីនដាក់កងប្រដាប់អាវុធប្រុងជើងការណ៍ខ្ពស់ ក្រោយការបំផ្ទុះភេរវកម្មសម្លាប់មនុស្ស បួននាក់

ម៉ានីល៖ ហ្វីលីពីននាថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ បានដាក់កងកម្លាំងប្រដាប់អាវុធខ្លួនឱ្យស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការបំផ្ទុះ «ភេរវកម្ម» ក្នុងពិធីជួបជុំបែបកាតូលិកនៅកន្លែងហាត់ប្រាណនៃសកលវិទ្យាល័យមួយកន្លែង នាភាគខាងត្បូងនៃប្រទេស ដោយសម្លាប់មនុស្សបួននាក់ និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូនៀ បានថ្លែងថា ៖ «ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើដែលឥតន័យ និងសាហាវបំផុត ដែលប្រព្រឹត្តដោយភេរវករបរទេស»។ លោកបន្តថា ៖ «ពួកជ្រុលនិយមដែលប្រើអំពើហឹង្សាប្រឆាំងនឹងជនស្លូតត្រង់ គឺជាសត្រូវចំពោះសង្គមរបស់យើង«។

គួរបញ្ជាក់ថា ការបំផ្ទុះលើសកលវិទ្យាល័យ Mindanao State នៃទីក្រុង Marawi នាពេលនេះ បានកើតឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ១១ នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅក្រុង Maguindanao del Sur កាលពីថ្ងៃសុក្រ។

លោក ម៉ាកូស បានបង្ហោះសារនៅលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ) ដោយជំរុញឱ្យមានភាពស្ងប់ស្ងាត់ថា លោកបានណែនាំប៉ូលិសជាតិ និងកងកម្លាំងប្រដាប់អាវុធ ឱ្យធានាការការពារ និងសុវត្ថិភាពជនស៊ីវិល និងសន្តិសុខនៃសហគមន៍ដែលរងផលប៉ះពាល់ និងងាយរងគ្រោះផ្សេងទៀត។ លោកបន្តថា ៖ «ធានាថា យើងនឹងនាំជនល្មើសនៃអំពើឃោរឃៅនេះ មកកាត់ទោសឱ្យបាន»។

ចំណែកឯលោក Gabriel Viray III បានហៅការវាយប្រហារនៅសាកលវិទ្យាល័យរដ្ឋ Mindanao ថា ជាអំពើភេរវកម្ម ដោយបន្តថា អ្នកជំនាញការកំចាត់គ្រឿងផ្ទុះត្រូវបានដាក់ពង្រាយរួចហើយ។

លោក Viray បានបន្ថែមថា ៖ «ឥឡូវនេះ យើងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយកងទ័ពរបស់យើងនៅតែមានការប្រុងប្រយ័ត្ន ខណៈយើងកំពុងកំណត់ហេតុផល និងកំណត់អត្តសញ្ញាណជនដៃដល់ ដើម្បីបញ្ជាក់ឱ្យច្បាស់ថាអ្នកណានៅពីក្រោយការវាយប្រហារ»។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៧ ក្រុង Marawi ត្រូវបានក្រុមជ្រុលនិយមគាំទ្រក្រុមរដ្ឋអ៊ីស្លាមឡោមព័ទ្ធអស់រយៈពេល ៥ ខែ ដោយវាធ្វើឱ្យមានការសម្លាប់មនុស្សជាង ១ ០០០ នាក់។

គេមើលឃើញថា បន្ទាប់ពីជម្លោះជាច្រើនទសវត្សរ៍រួមមក ហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរណសិរ្សរំដោះអ៊ិស្លាមម៉ូរ៉ូ (Moro Islamic Liberation Front) ដែលជាក្រុមបំបែកខ្លួនដ៏ធំបំផុតនៅក្នុងឆ្នាំ ២០១៤។ យ៉ាងណាមិញ នៅតែមានក្រុមបំបែកខ្លួនតូចៗ បន្តធ្វើការវាយប្រហារនៅទូទាំងតំបន់នេះ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner