តុលាការសម្រេចឃុំខ្លួនបុរស២នាក់បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដ៏ទៃស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមនុស្ស២នាក់ ដែលបើកបរដោយធ្វេសប្រហែស បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យអ្នកដ៏ទៃស្លាប់ និងរបួស នៅខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ។

បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបានបញ្ជាក់ថា ចៅក្រមស៊ើបសួរ លោក ហម ម៉េងសែ បានបង្គាប់ឲ្យឃុំខ្លួនឈ្មោះ វ៉ោយ មុន្នី ហៅលីអូ អាយុ២១ឆ្នាំ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្ដាលឲ្យអ្នកដ៏ទៃស្លាប់» ប្រព្រឹត្តទៅចំណុចវិថីព្រះស៊ីសុវត្ថិ ប្រសព្វផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

ចំណែកចៅក្រមស៊ើបសួរ លោក សេង លាង ក៏បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ អេង វីរៈ អាយុ២១ឆ្នាំ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្ដាលឲ្យរបួសអ្នកដ៏ទៃ» ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៧D ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។

តុលាការបានបង្គាប់ឲ្យភ្នាក់ងារសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទទាំងពីររូបនេះ ទៅមណ្ឌលអប់រំកែប្រែទី១ ម១ ដោយអនុវត្តបានត្រឹមត្រូវតាមច្បាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner