អភិបាលខេត្តកំពង់ចាម ជំរុញដល់អាជ្ញាធរត្រូវសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទាំងក្នុង និង ក្រៅខេត្ត ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើ
ក្នុងពិធីបុណ្យរុក្ខទិវា៩កក្កដា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្ថិតឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងជំរុញដល់អាជ្ញាធរត្រូវសហការជាមួយសមត្ថកិច្ច ជំនាញពាក់ព័ន្ធទាំងក្នុង និងក្រៅខេត្ត ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើ ព្រោះព្រៃឈើពិតជាផ្តល់នូវអត្ថប្រយោជន៍ និងសារសំខាន់ណាស់ សម្រាប់សង្គមមនុស្ស និងសត្វ។
វាក៏អាចស្រូបយកឧស្ម័នការបូនិច្ច និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន កាត់បន្ថយកំដៅ ផ្តល់នូវទីជម្រកសម្រាប់មនុស្ស និងសត្វ ជួយបង្កើននូវជីវជាតិដី ទប់ទល់ការហូរច្រោះនិយ័តកម្ម ផ្តល់នូវប្រភពទឹក និងជារបាំងការពារខ្យល់ព្យុះទៀតផង។ មិនតែប៉ុណ្ណោះ ព្រៃឈើក៏បានរួមចំណែកដល់អេកូទេសចរណ៍ ដែលបង្កើតការងារ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា បុណ្យរុក្ខទិវា គឺជាពិធីដ៏សំខាន់ និងមានប្រយោជន៍ សម្រាប់ដាស់ស្មារតីដល់ប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ព្រៃឈើ និងថែរក្សាព្រៃឈើ។ ពិធីបុណ្យរុក្ខទិវានេះ ត្រូវបានបង្កើតឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ ដែលរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឈ មន្ត្រីរាជការ សិស្ស និស្សិត យកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទ ឲ្យបានច្រើនជាអតិបរិមា នៅតាមវត្តអារាម ភូមិដ្ឋាន ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងអស់នេះឲ្យបានល្អ ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ ក៏ដូចជាមនុស្សជាតិទាំងមូល។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានចែកកូនឈើចម្រុះជូនប្រជាពលរដ្ឋចំនួន២០០០ដើម សម្រាប់យកទៅដាំតាមលំនៅដ្ឋាន និងចូលរួមដាំកូនឈើមានតម្លៃចម្រុះចំនួន២៥០០ដើម នៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ក្នុងគោលបំណងប្រែក្លាយតំបន់នេះ ឲ្យពោរពេញទៅដោយព្រៃឈើសំបូរបែប ដែលអាចបង្កើតជាគម្របពណ៌បៃតងខួបប្រាំង ខួបវស្សា និងធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពធម្មជាតិពិតៗ ស្រស់បំព្រងផងដែរ។
លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា ខេត្តកំពង់ចាម បានប្រារព្ធពិធីបុណ្យរុក្ខទិវា ចំនួន២៥លើកមកហើយ ដោយដាំឈើចម្រុះប្រភេទ បានចំនួនសរុប៥៨ហិកតា ដោយមានការណែនាំពីថ្នាក់ដឹកនាំខេត្ត មកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានបង្កើតសួនអនុស្សាវរីយ៍ និងសួនអាពាហ៍ពិពាហ៍ បានចំនួន២កន្លែង។ មួយកន្លែង នៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ និងមួយកន្លែងទៀត ស្ថិតនៅក្នុងវត្តនគរបាជ័យ ស្រុកកំពង់សៀម សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំ និងជាឱកាសដល់គូស្រករថ្មី ដាំដើមឈើទុកជាអនុស្សាវរីយ៍។
ដោយឡែក សម្រាប់ឆ្នាំ២០១៩នេះ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មានថ្នាលបណ្តុះកូនឈើចំនួន៧កន្លែង ក្នុងនោះមានសួនបណ្តុះកូនឈើសម្តេចតេជោ ហ៊ុន សែន ព្រៃកុង (ស្គន់) ថ្នាលបណ្តុះកូនឈើឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សួនបណ្តុះកូនឈើឯកឧត្តម ហ៊ុន ណេង ភ្នំប្រុស ថ្នាលបណ្តុះកូនឈើខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម (ក្រុងកំពង់ចាម) ថ្នាលបណ្តុះកូនឈើសង្កាត់រដ្ឋបាលព្រៃឈើស្រីសន្ធរ (ស្រុកស្រីសន្ធរ) ថ្នាលបណ្តុះកូនឈើសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ (ស្រុកស្ទឹងត្រង់) និងថ្នាលបណ្តុះកូនឈើសង្កាត់រដ្ឋបាលព្រៃឈើកងមាស(ស្រុកព្រៃឈរ) ផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីប្រារព្ធពិធីខាងលើរួច ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្រ្តីពាក់ពន្ធ័មួយចំនួន បានចុះទៅពិនិត្យដំណើរការសាងសង់ពន្ធនាគារខេត្តកំពង់ចាម នៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ និងបានជុំរញឲ្យជំនាញ បន្តចុះបោះបង្គោលព្រំដីឲ្យបានច្បាស់ផង ដែរ៕ធ.ដ