មេដឹកនាំចិន និងបេឡារុសសាទរការពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងជំនួបនៅរដ្ឋធានីប៉េកាំង

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីបេឡារុស លោក អាឡិចសានឌើ លូកាសិនកូ បានសាទរចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈដែលពួកលោកបានជួបពិភាក្សាគ្នា ក្នុងអំឡុងដំណើរទស្សនកិច្ចលើកទីពីររបស់មេដឹកនាំបេឡារុស មកកាន់រដ្ឋធានីប៉េកាំង ក្នុងឆ្នាំនេះ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់សមភាគីបេឡារុស លោក អាឡិចសានឌើ លូកាសិនកូ ថា ការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និង កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ បានកើនឡើងកាន់តែខ្លាំង ចាប់តាំងពីដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក លូកាសិនកូ។

លោក ស៊ី ថ្លែងថា ចិនគាំទ្រយ៉ាងមុតមាំដល់បេឡារុស ក្នុងការដើរលើមាគ៌ានៃការអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ហើយប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បេឡារុស ពីកម្លាំងខាងក្រៅ។

ចំណែកលោក លូកាសិនកូ បានប្រាប់លោក ស៊ី វិញថា បេឡារុសគឺជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់ចិន។ លោកថា យើងបានសម្រេចចិត្តជាយូរមកហើយថា យើងនឹងសហការ ហើយធ្វើជាមិត្តជាមួយចិន… មិត្តភាពនេះមានអាយុជាង ៣០ឆ្នាំមកហើយ មិនដែលងាកចេញពីផ្លូវនេះទេ។

សូមបញ្ជាក់ថា លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់រុស្ស៊ីបានធ្វើដំណើរមកដល់ប្រទេសចិន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ លោក លូកាសិនកូ បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនលើកចុងក្រោយកាលពីខែកុម្ភៈ ចំពេលដែលរុស្ស៊ីចូលលុកលុយអ៊ុយក្រែន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner