អ៊ីរ៉ង់ និងគុយបាស្វែងរកទំនាក់ទំនងជិតស្និទ្ធ ប្រឆាំងនឹងទណ្ឌកម្មសហរដ្ឋអាមេរិក

តេហេរ៉ង់៖ មេដឹកនាំអ៊ីរ៉ង់ និងគុយបា នៅថ្ងៃចន្ទសប្តាហ៍នេះ ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី ហើយឈររួមគ្នាប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី និងសមភាគីគុយបា លោក មីគែល ឌីយ៉ាស់ ខាណែល បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា អ្វីដែលអាចបន្សាបទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបាន នោះគឺការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក រ៉ៃស៊ី ថ្លែងថា អ៊ីរ៉ង់ និងគុយមានការប្តេជ្ញាចិត្តម៉ឺងម៉ាត់ ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ហើយក្រោកឈរប្រឆាំងនឹងប្រព័ន្ធនៃការត្រួតត្រា។ ចំណែកលោក ឌីយ៉ាស់ ខាណែល ដែលធ្វើដំណើរមកដល់រដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បានថ្លែងអំណរគុណដល់អ៊ីរ៉ង់ ចំពោះការគាំទ្រគុយបា ក្នុងការប្រយុទ្ធប្រឆាំងនឹងទណ្ឌកម្មដ៏ឃោរឃៅ ដែលដាក់ដោយសហរដ្ឋអាមេរិក។

នាឱកាសនោះដែរ មេដឹកនាំទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា និងឯកសារកិច្ចសហប្រតិបត្តិការចំនួន ៧ ផងដែរ ក្នុងនោះមានវិស័យផ្សេងៗ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សុខាភិបាល កសិកម្ម ថាមពល និងរ៉ែ ទំនាក់ទំនង និងវេជ្ជសាស្ត្រ។

គួរបញ្ជាក់ថា ជំនួបរវាងមេដឹកនាំទាំងពីរកើតមានឡើង ស្របពេលដែលគុយបាកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីបាត់បង់ការឧបត្ថម្ភធនរបស់សូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ កោះនេះក៏ប្រឈមមុខនឹងកង្វះស្បៀងអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈផងដែរ ខណៈដែលអ៊ីរ៉ង់វិញ កំពុងជួបប្រទះការធ្លាក់ថ្លៃរូបិយប័ណ្ណរបស់ខ្លួនដល់កំណត់ត្រា និងអតិផរណាដ៏ធ្ងន់ធ្ងរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner