រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត ។ ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដូច្នេះក្នុងឱកាសទទួលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ តបតាមសំណើរបស់ស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានសាទរចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ជាពិសេសតាមរយៈជំនួបទស្សនកិច្ចផ្លូវការកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូរគ្រប់កម្រិតរវាងប្រទេសទាំងពីរ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានរំលេចនូវលទ្ធផលសំខាន់ៗមួយចំនួនដែលជាសមិទ្ធផលពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ក្រោមការដឹកនាំក្នុងដំណាក់កាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅ តាមរយៈការយល់ច្បាស់ ពីមូលដ្ឋានប្រវត្តិសាស្ត្រនៃទំនាក់ទំនង និងចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងឡាវ ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់ក្របខណ្ឌទាំងផ្នែកនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner