សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បន្តដោះស្រាយដីសម្បទានសង្គមកិច្ច និងផ្ទះជូនអតីតយុទ្ធជន
(ខេត្តកំពង់ធំ) ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានណែរនាំដល់ក្រុមលេខាធិការដ្ឋាន ឱ្យបន្តចុះធ្វើអធិការកិច្ច បងប្អូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះពិតប្រាកដ ដើម្បីដោះស្រាយដីសម្បទានសង្គមកិច្ច និងផ្ទះសម្បែងជូនឱ្យបានសមរម្យពិតប្រាកដ ដើម្បីស្នើសុំទៅគណៈកម្មការកណ្ដាលសាងសង់លំនៅដ្ឋានជូនគាត់រស់នៅឱ្យបានសមរម្យ ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យរបាយការណ៍ស្ដីពីលទ្ធផល នៃការអនុវត្តការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងពេលមួយឆ្នាំកន្លងមក ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារសមាគមឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលបានគិតគូរយកចិត្តទុកដាក់ដោះស្រាយគ្រប់បែបយ៉ាងដល់បងប្អូនអតីតយុទ្ធជន និងបានកោតសរសើរក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួន ទទួលបានលទ្ធផលល្អ ក្នុងការធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីបម្រើនិងដោះស្រាយជូនបងប្អូនអតីតយុទ្ធជន ដែលមានការលំបាកខ្វះខាត ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក៏បានបានបន្ថែមនូវទិសដៅភារកិច្ច ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៤ ទី១- ត្រូវសហការជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធដោះស្រាយវិធានការរំដោះទឹកជនលិច នៅក្នុងភូមិអតីតយុទ្ធជននៅឃុំក្រយា ស្រុកសន្ទុក កុំឲ្យមានករណីជនលិចនៅឆ្នាំក្រោយទៀត ដោះស្រាយប្រព័ន្ធបណ្ដាញអគ្គិសនីតភ្ជាប់ជូនគ្រួសារអតីតយុទ្ធជនបានឆាប់រហ័ស , ទី២-សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដើម្បីរកពូជដំណាំយូរអង្វែងផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច, ទី៣-ចុះធ្វើអធិការកិច្ច បងប្អូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះពិតប្រាកដ ដើម្បីដោះស្រាយដីសម្បទានសង្គមកិច្ច និងផ្ទះសម្បែងជូន ត្រួតពិនិត្យបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននាន ដែលគាត់មានដី ហើយតែគ្មានផ្ទះសម្បែងរស់នៅសមរម្យពិតប្រាកដ ដើម្បីស្នើសុំទៅគណៈកម្មការកណ្ដាលសាងសង់លំនៅដ្ឋានជូនគាត់រស់នៅ ឲ្យបានសមរម្យ និងទី៤-ពិនិត្យលទ្ធភាពដើម្បីដោះស្រាយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ចំពោះបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានាឲ្យទាន់ពេលវេលា ៕



ដោយ ប៊ុន រដ្ឋា