ចំណាប់ខ្មាំងថៃត្រឡប់មកពីអ៊ីស្រាអែលវិញ ព្រួយបារម្ភពីបំណុល
បាងកក៖ គូស្នេហ៍ជនជាតិថៃមួយគូដែលទើបត្រូវបានពួកហាម៉ាសដោះលែង និងបញ្ជូនពីអ៊ីស្រាអែល ទៅដល់មាតុប្រទេសវិញបានបង្ហាញការព្រួយបារម្ភថា ប្រហែលជាមិនអាចសងបំណុលគេបានទេ លុះត្រាតែពួកគេធ្វើការ នៅបរទេសម្តងទៀត។
បើទោះបីជាមានអ្នកជូនពររាប់សិបនាក់ ជាមួយនឹងការលើកទឹកចិត្ត បន្ទាប់ពីពួកគេត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង អស់រយៈពេលជាច្រើនសប្តាហ៍ នៅតំបន់ហ្គាហ្សាស្ទ្រីប ក៏ដោយ ក៏ពួកគេបានបង្ហាញកង្វល់ អំពីបំណុល។ ពួកគេអះអាងថា អាចសងបំណុលគេបានទេ លុះត្រាតែពួកគេធ្វើការនៅបរទេស ម្តងទៀត។
មនុស្សប្រហែល៥០ នាក់ រួមទាំងមន្ត្រីក្នុងតំបន់បានប្រមូលផ្តុំគ្នា កាលពីថ្ងៃពុធ សប្តាហ៍នេះ រៀបចំពិធីប្រពៃណី “Bai Sri Su Kwan” នៅក្នុងផ្ទះរបស់ប្តីប្រពន្ធនេះ នៅក្នុងភូមិតូចមួយនៅខេត្ត Udon Thani ភាគឦសានរបស់ប្រទេស។ កដៃរបស់ពួកគេត្រូវបានចងដោយខ្សែពណ៌ស ដើម្បីនាំសំណាងឱ្យពួកគេ មានសុខភាពល្អ។
លោក Boonthom ជាប្តី អាយុ៤៥ឆ្នាំ បានប្រាប់ AFP ថា រូបលោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីធ្វើការនៅកសិដ្ឋានមួយ កាលពី ៦ឆ្នាំមុន ។ លោកបន្តថា លោកគឺជាជនជាតិថៃម្នាក់ ក្នុងចំណោមប្រជាជនថៃ ប្រហែល ៣០០០០ នាក់ ដែលភាគច្រើនមកពីខេត្តជនបទក្រីក្រ ដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងអំឡុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា។
រីឯ ប្រពន្ធ ឈ្មោះថា Natthawaree អាយុ ៣៥ ឆ្នាំបានប្រាប់ AFP ថា «ខ្ញុំកំពុងជាសះស្បើយបណ្តើរៗហើយ»។
អ្នកស្រី Natthawaree បាននិយាយថា នៅទីនោះ អ្នកស្រីអាចរកចំណូលបានប្រហែល ៥ម៉ឺនបាត ឬស្មើនឹង ១៤០០ដុល្លារ នៅក្នុងមួយខែ។
គួរបញ្ជាក់ថា ជនជាតិថៃជាច្រើននាក់បានជ្រើសរើស ទៅធ្វើការក្នុងប្រទេសអ៊ីស្រាអែល។ ពួកគេអាចទទួលបានប្រាក់បៀវត្សរ៍ច្រើន ក្នុងនាមជាកម្មករកសិដ្ឋាន ក្រោមកិច្ចសន្យា រយៈពេលកំណត់ ដ៏តឹងរឹង។
យ៉ាងណាមិញ ក្រសួងការងាររបស់ប្រទេសថៃបានសន្យាថា នឹងផ្តល់សំណងដល់កម្មករនិយោជិត ចំនួន ៥ម៉ឺនបាត សម្រាប់អ្នកដែលសម្រេចចិត្តចាកចេញពីអ៊ីស្រាអែល។ រដ្ឋាភិបាលក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងមានសិទ្ធិទទួលបានប្រាក់កម្ចី ដែលមានការប្រាក់ទាប រហូតដល់១៥ម៉ឺនបាត។
ប៉ុន្តែ អ្នកស្រី Natthawaree បាននិយាយថា អ្នកស្រីបានទទួលតិចជាងពាក់កណ្តាល លើចំនួនថវិកាអ្វីដែលរដ្ឋាភិបាលបានសន្យា ។ អ្នកស្រីបន្តថាត្រូវការយ៉ាងខ្លាំង នូវប្រាក់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់គ្រួសារ និងសងបំណុលគេ ដោយបានបញ្ជាក់ថា អ្នកស្រីបានជំពាក់បំណុលគេ ចំនួន៥០ម៉ឺនបាត។
អ្នកស្រី Natthawaree បាននិយាយទៀតថា «ខ្ញុំកំពុងរកវិធី ទៅធ្វើការនៅក្រៅប្រទេសម្ដងទៀត ប្រហែលជាធ្វើការនៅអូស្ត្រាលី ដើម្បីសងបំណុល..ឥឡូវនេះយើងគ្មានអ្វីសោះ» ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត