ទីក្រុងយ៉ាំងហ្គោនរបស់មីយ៉ាន់ម៉ា រងគ្រោះដោយសារកង្វះខាតប្រេងឥន្ធនៈ
ណៃពិដោ ៖ ទីក្រុងដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈ។ អ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរបបយោធាបាននិយាយថា មានរថយន្តរាប់រយគ្រឿងបានតម្រង់ជួរ នៅពេលព្រឹកព្រលឹម ដើម្បីឲ្យបានប្រេងឥន្ធនៈប្រើប្រាស់។
កាសែតរដ្ឋរបស់មីយ៉ាន់ម៉ា ឈ្មោះថា Global New Light of Myanmar បាននិយាយថា កង្វះខាតប្រេងនេះបានចាប់ផ្តើម កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។
ប្រភពបានបន្តថា «ដោយសារតែការពន្យារពេល ក្នុងការដឹកជញ្ជូនប្រេងពីកំពង់ផែ Thilawa ទៅកាន់ស្ថានីយ៍ចាក់បំពេញ ទើបខ្វះខាតបែបនេះ» ប៉ុន្តែគេមិនផ្តល់ព័ត៌មានលម្អិត បន្ថែមទៀតទេ។
ប្រេងឥន្ធនៈ ភាគច្រើនរបស់ទីក្រុងយ៉ាំងហ្គោន ត្រូវបានដឹកជញ្ជូនដល់តាមកំពង់ផែ ប៉ុន្តែ ការណ៍ដែលរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះ ធៀបនឹងប្រាក់ដុល្លារ ចាប់តាំងពីយោធាបានកាន់កាប់អំណាច ក្នុងឆ្នាំ២០២១មក បានធ្វើឲ្យប៉ះពាល់ដល់សមត្ថភាព របស់អ្នកនាំចូលប្រេង លើការដឹកជញ្ជូន។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍នេះថា រថយន្ត និងម៉ូតូរាប់សិបគ្រឿងបានតម្រង់ជួរ នៅព្រឹកព្រលឹម ក្នុងទីក្រុង Yangon។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់ទៀត បាននិយាយថា នៅតំបន់ Bago ភាគខាងជើងទីក្រុងយ៉ាំងហ្គោន ស្ថានីយ៍មួយចំនួនបានកំណត់ការលក់ ត្រឹមតែ២០លីត្រ សម្រាប់អតិថិជនម្នាក់។
អ្នកបម្រើការនៅស្ថានីយ៍បូមប្រេង នៅ Phayargyi មានចម្ងាយប្រហែល ៧៥ គីឡូម៉ែត្រភាគខាងជើងទីក្រុងយ៉ាំងហ្គោន បានប្រាប់ AFP ថា «យើងបានបិទរយៈពេលមួយសប្តាហ៍ ដោយសារតែកង្វះខាត ហើយទើបតែបើក នៅព្រឹកនេះទេ»។
ពួកគេបាននិយាយ ដោយសុំមិនបញ្ចេញឈ្មោះថា «ទោះបីយើងមានសាំង ឥឡូវនេះ វានឹងអស់ ក្នុងពេលឆាប់ៗនេះ ព្រោះមានរថយន្ត និងម៉ូតូជាច្រើនកំពុងមករកយើង ខណៈស្ថានីយផ្សេងទៀតនៅក្បែរនោះត្រូវបិទ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត