ឯកឧត្តម ឌិត ទីណា ៖ កិច្ចសហប្រតិបត្តិការល្អ គឺជាកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក និងដើម្បីផលប្រយោជន៍រួម

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភ្សាការងារ ជាមួយ ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី នៅទីស្តីការក្រសួងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចប្រជុំ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែទទួលបានភាពជោគជ័យល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អ គឺជាកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក និងដើម្បីផលប្រយោជន៍រួមគ្នា។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើនដូចជាស្វាយ ,ស្វាយចន្ទី, អង្ករ ,និងកៅស៊ូ ដែលវិនិយោគិនចិនអាចសិក្សា និងពិនិត្យលទ្ធភាពក្នុងការកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងផលប្រយោជន៍រួមគ្នា ទាំងសេដ្ឋកិច្ច និងនយោបាយ។

ឯកឧត្តមរដ្ឋមន្ដ្រីក៏បានលើកឡើងផងដែរអំពី «ច្រករបៀងមច្ឆា និង អង្ករ» ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ រួមមាន៖ ខេត្តពោធិ៍សាត់ ,បាត់ដំបង, បន្ទាយមានជ័យ, និងខេត្តបៃលិន។ ខេត្តទាំង៤នេះ មានសក្ដានុពលសម្រាប់វិស័យកសិកម្ម ដោយចំពោះដំណាំស្រូវ និងធនធានជលផលជាដើម ។

តាមរយៈច្រករបៀងមច្ឆានិងអង្ករនេះ ភាគីទាំងពីរ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កសិ-ពាណិជ្ជកម្ម កម្ពុជា-ក្វាងស៊ី ឱ្យមានសកម្មខ្លាំងក្លាបន្ថែមទៀត ជាពិសេសជំរុញឱ្យមានការចុះ MoU ជាមួយគ្នានាមុខ។ និងថា កម្ពុជាបើកទូលាយ និងត្រៀមខ្លូនជានិច្ចក្នុងការទទួលអ្នកវិនិយោគចិន ដែលមានបំណងដាក់ទុនវិនិយោគនៅកម្ពុជាលើការកែច្នៃផលិតផលកសិកកម្មប្រកបដោយគុណភាពសម្រាប់នាំចេញ ដើម្បីផលចំណេញ ទាំងសម្រាប់កសិករ អ្នកវិនិយោគ និងដើម្បីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner