ឯកឧត្តម ផារ៉ា មង្គល៖ អ្នកអភិវឌ្ឍលំនៅឋាន និងបុរី គួរជំរុញសាងសង់លំនៅឋានតម្លៃសមរម្យជូនពលរដ្ឋមានប្រាក់ចំណូលទាបឱ្យបានច្រើន

ភ្នំពេញ៖ ឯកឧត្តម ផារ៉ា មង្គល បានអំពាវនាវដល់អ្នកអភិវឌ្ឍលំនៅឋាន និងបុរីជំរុញការសាងសង់លំនៅឋានតម្លៃសមរម្យ ទាំងលំនៅឋាន និងអគារសហកម្មសិទ្ធិសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ចំណូលទាប និងជនងាយរងគ្រោះ ដើម្បីឱ្យពួកគាត់មានផ្ទះរស់នៅប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ សម្រាប់តម្លៃនៅក្នុងសហគមន៍។

ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងបែបនេះក្នុងឱកាសចូលរួមសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងកោះពេជ្រ។ ពិព័រណ៍នេះ មានក្រុមហ៊ុនចូលរួមចំនួន ១៣៣ក្រុមហ៊ុន ស្មើនឹង ២៣៩ស្តង់ និងមានផលិតផលជាង ១,០០០មុខ រួមទាំង ៥០ប្រភេទនៃសេវាកម្ម ហើយផលិតផលទាំងនេះ មានខ្លះជាផលិតផលក្នុងស្រុក និងខ្លះទៀតជាផលិតផលដែលនាំចូលមកពីបណ្តាប្រទេសជាច្រើន។

ឯកឧត្តម ផារ៉ា មង្គល បានមានប្រសាសន៍ថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣ ក្រសួងរៀបចំដែនដីបានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានចំនួន ២,៩២៤គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២,៣៣៥,០៤៣ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៥,១០៩,៤៧១,០២៣ដុល្លារ។ ក្នុងនោះមានជាអាទិ៍ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងមានចំនួន ១៤៦គម្រោង ស្មើនឹង ១៥៤អគារ បុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩គម្រោង ស្មើនឹង ១៨,១៧៤ខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨គម្រោង។ ប្រសិនបើប្រៀបធៀបនឹងរយ:ពេលដូចគ្នាជាមួយឆ្នាំ២០២២ ឃើញថា ទុនវិនិយោគកើនឡើងទ្វេដង។

ឆ្លើយតបនឹងកំណើននេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ស្ថាបត្យករ វិស្វករ អ្នកប្រឹក្សាយោបល់ អ្នកសាងសង់ អ្នកគ្រប់គ្រងសំណង់ និងអ្នកអភិវឌ្ឍអចលនវត្ថុទាំងអស់ សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងវិស័យសំណង់ ដើម្បីធានាបានទាំងសុវត្ថិភាព អនាម័យ បរិស្ថាន សោភណភាព និងគុណភាពសំណង់ និងបន្តចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ជាតិ ទៅតាមចំណេះ និងជំនាញរបស់ខ្លួន។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន និងការអភិវឌ្ឍសំណង់ ដែលមានលក្ខណៈទំនើប ខ្ពស់ៗ ទាន់សម័យបែបនេះ ត្រូវទាមទារឱ្យមានការប្រើប្រាស់បច្ចេកវិទ្យានៃការសាងសង់មានលក្ខណ:បច្ចេកទេស និងស្តង់ដាសំណង់ត្រឹមត្រូវ រីឯសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រដែលយកមកប្រើប្រាស់ក្នុងការសាងសង់ ក៏ត្រូវមានគុណភាព និងធានាសុវត្ថិភាពផងដែរ។ ហេតុនេះហើយ ទើបជារៀងរាល់ឆ្នាំ សមាគមអ្នកសាងសង់កម្ពុជាបានខិតខំផ្សព្វផ្សាយដល់វិនិយោគិនទាំងក្នុងប្រទេសផង និងក្រៅប្រទេសផង ដើម្បីឱ្យចូលមកធ្វើការបណ្ដាក់ទុនវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner