កងទ័ពអ៊ីស្រាអែលនិយាយថា កាកបាទក្រហមត្រូវតែមានសិទ្ធិចូលទៅជួបចំណាប់ខ្មាំង នៅតំបន់ហ្គាហ្សា

ហ្ស៊េរុយសាឡិម៖ កងទ័ពអ៊ីស្រាអែលបាននិយាយថា គណៈកម្មាធិការអន្តរជាតិនៃអង្គកាកាកបាទក្រហម ត្រូវតែមានសិទ្ធិចូលទៅជួបចំណាប់ខ្មាំង ដែលត្រូវបានចាប់ឃុំខ្លួន ដោយពួកហាម៉ាសប៉ាឡេស្ទីន ក្នុងនៅតំបន់ហ្គាហ្សា ស្ទ្រីប។

អ្នកនាំពាក្យកងទ័ពប្រទេសអ៊ីស្រាអែល លោក Daniel Hagari បាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍នេះថា «បើទោះបីជាយោធាអ៊ីស្រាអែល ពង្រីកប្រតិបត្តិការរបស់ខ្លួន ដើម្បីកម្ទេចក្រុមហាម៉ាស នៅក្នុងតំបន់ហ្គាហ្សាក៏ដោយ ក៏ពួកយើងនៅតែគិតគូរយ៉ាងខ្លាំង លើបេសកកម្មដ៏សំខាន់របស់យើងមួយទៀត គឺការជួយសង្គ្រោះក្រុមចំណាប់ខ្មាំង»។

លោក Daniel Hagari បានបន្តថា «សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការចំពោះរឿងនេះ ហើយ កាកបាទក្រហមត្រូវតែមានសិទ្ធិចូលទៅកាន់ចំណាប់ខ្មាំង ដែលស្ថិតនៅក្នុងកណ្តាប់ដៃរបស់ក្រុមហាម៉ាស»។

អ៊ីស្រាអែលបាននិយាយថា ក្នុងចំណោមចំណាប់ខ្មាំងសរុប ២៤០នាក់ នៅមានចំណាប់ខ្មាំង ចំនួន១៣៨នាក់ទៀត ដែលមិនទាន់ត្រូវបានពួកហាម៉ាសដោះលែងឲ្យមានសេរីភាព ចាប់តាំងពីថ្ងៃវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា។

គួររម្លឹកដែរថា ថ្មីៗនេះ មានបទឈប់បាញ់រយៈពេលមួយសប្តាហ៍ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។ គេបានឃើញចំណាប់ខ្មាំង ១០៥ នាក់ត្រូវបានដោះលែងឲ្យមានសេរីភាព ចេញពីតំបន់ហ្គាហ្សាស្ទ្រីប។

យ៉ាងណាមិញ ក្រោយពីបញ្ចប់ពេលវេលានៃបទឈប់បាញ់ ការប្រយុទ្ធគ្នា នៅពេលនេះ កាន់តែសាហាវជាងមុនទៅទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner