អាល្លឺម៉ង់ដកទ័ពចេញពីប្រទេសម៉ាលីបន្ទាប់ពីបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ

បាម៉ាកូ៖ កងទ័ពប្រទេសអាល្លឺម៉ង់កំពុងដកខ្លួនបណ្តើរៗ ចេញពីប្រទេសម៉ាលី ខណៈដែលអង្គការសហប្រជាជាតិនឹងរុះរើបេសកកម្មរក្សាសន្តិភាពរបស់ខ្លួន នៅចុងឆ្នាំ២០២៣នេះ ស្របតាមសំណើ របស់ប្រទេសម៉ាលី។

បុគ្គលិកយោធា ប្រចាំនៅមូលដ្ឋាន Camp Castor ដែលគាំទ្រ «បេសកកម្មស្ថេរភាពរួមបញ្ចូលគ្នាពហុវិមាត្រ របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី» ហៅកាត់ថា MINUSMA កាលពីថ្ងៃពុធ សប្តាហ៍នេះ បានធ្វើសកម្មភាពរុះរើ និងដឹកជញ្ជូនសម្ភារៈយោធា ត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានបោះឆ្នោត សម្រេចបញ្ចប់បេសកកម្មរក្សាសន្តិភាព ដែលមានរយៈពេលមួយទសវត្សរ៍ នៅក្នុងប្រទេសម៉ាលី។

ការសម្រេចនេះបានធ្វើឡើង ស្របពេលដែលរបបយោធារបស់ប្រទេសម៉ាលីបានជំរុញឱ្យមានការដកទ័ពចេញ ហើយគេដឹងថា បំណងនេះគឺស្របនឹងការចង់បានរបស់ប្រទេសរុស្ស៊ី។ របបយោធានេះត្រូវបានគេចោទថា បានចងសម្ព័ន្ធភាព ជាមួយប្រទេសរុស្ស៊ី ហើយក៏ធ្លាប់ពាក់ព័ន្ធនឹងទាហានស៊ីឈ្នួលទៀតផង។

ទំនាក់ទំនងរបស់ប្រទេសម៉ាលីជាមួយអង្គការសហប្រជាជាតិបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២០ ដែលនាំមកនូវអំណាចនៃរបបយោធា ដែលបានផ្តាច់កិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយប្រទេសបារាំង ដែលជាអតីតមហាអំណាចអាណានិគម។

អ្នកការទូតជាន់ខ្ពស់អាមេរិក Jeffrey DeLaurentis បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលអន្តរកាល ក្នុងការបោះបង់ចោល បេសកកម្ម Minusma ហើយគ្រោះថ្នាក់នេះនឹងនាំទៅដល់ប្រជាជនម៉ាលី»។

គួរបញ្ជាក់ថា បេសកកម្ម Minusma បានចាប់ផ្តើមនៅឆ្នាំ ២០១៣ ដើម្បីទប់ស្កាត់ការកាន់កាប់របស់ពួកសកម្មប្រយុទ្ធ ជីហាដ នៅប្រទេសម៉ាលី៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner