អ៊ីរ៉ង់បាញ់បង្ហោះ «គ្រាប់ជីវសាស្ត្រ» ទៅកាន់ទីអវកាស
តេហេរ៉ង់៖ អ៊ីរ៉ង់បានប្រកាស កាលពីថ្ងៃពុធ សប្តាហ៍នេះថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវ «គ្រាប់ជីវសាស្ត្រ» ទៅកាន់ទីអវកាស ដែលជាជំហានថ្មីមួយនៅក្នុងកម្មវិធីអវកាស ប្រកបដោយមហិច្ឆតារបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ បើទោះបីជាមានការព្រួយបារម្ភរបស់ក្រុមប្រទេសលោកខាងលិចក៏ដោយ។
រដ្ឋមន្ត្រីទូរគមនាគមន៍នៃប្រទេសអ៊ីរ៉ង់ លោក Issa Zarepour ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារព័ត៌មាន Irna ដែលបញ្ជាក់ឲ្យដឹងថា «បន្ទាប់ពីការផ្អាកមួយទសវត្សរ៍ គ្រាប់ជីវិតថ្មី របស់ប្រទេសយើងត្រូវបានបាញ់បង្ហោះ ដោយជោគជ័យ ដល់កម្ពស់ ១៣០ គីឡូម៉ែត្រ ជាមួយនឹងឧបករណ៍បាញ់បង្ហោះ ដែលផលិតក្នុងប្រទេសអ៊ីរ៉ង់ដោយខ្លួនឯង» ។
គ្រាប់ជីវសាស្ត្រ ឬភាសាអង់គ្លេស Biological capsule ដែលមានទម្ងន់ ៥០០ គីឡូក្រាមមួយនេះ ត្រូវបានជញ្ជូនដោយប្រើឧបករណ៍បាញ់បង្ហោះជំនាន់ថ្មី ដែលមានឈ្មោះថា Salman។ បច្ចេកវិទ្យថ្មីនេះត្រូវបានបង្កើតឡើង ជាមួយនឹងមហិច្ឆតា ក្នុងការបញ្ជូនអវកាសយានិក ទៅកាន់ទីអវកាស របស់ប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់បានចាប់ផ្តើម កម្មវិធីគ្រាប់ជីវសាស្ត្រ លើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ២០១០ ជាមួយនឹងសត្វមានជីវិត ដូចជា កណ្តុរមួយ អណ្តើក និងដង្កូវនាង។ បន្ទាប់មក គេបានបញ្ជូនសត្វស្វាមួយក្បាលទៅកាន់លំហអាកាស ក្នុងឆ្នាំ ២០១៣ ហើយពេលបញ្ជូនមកវិញ សត្វស្វានោះ នៅមានជីវិត។
យ៉ាងណាមិញ អ៊ីរ៉ង់ធ្លាប់បានជួបប្រទះនឹងការបរាជ័យជាច្រើនលើក ក្នុងការបាញ់បង្ហោះផ្កាយរណប ដោយសារតែបញ្ហាបច្ចេកទេស។ ប៉ុន្តែកាលពីថ្ងៃទី ២៧ ខែកញ្ញា ថ្មីៗនេះ កងទ័ពមនោគមវិជ្ជានៃសាធារណរដ្ឋឥស្លាម បានប្រកាសថា ពួកគេបានបញ្ជូនផ្កាយរណប ផ្តិតយករូបភាពប្រភេទ Nour-3 ចូលទៅក្នុងគន្លង ដែលមានចម្ងាយ ៤៥០គីឡូម៉ែត្រ ពីលើផែនដី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត